(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតទូរស័ព្ទដៃលំដាប់កំពូលៗរបស់ចិន Xiaomi និង Oppo ត្រូវបានគេរាយការណ៍មកថា បានសហការជាមួយក្រុមហ៊ុនយក្សអាមេរិក Google ក្នុងការផលិតបន្ទះឈីបសម្រាប់ទូរស័ព្ទដៃផ្ទាល់ខ្លួន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងបីខាងលើនេះ កំពុងតែពិភាក្សាគ្នាលើឪកាស និងលទ្ធភាពផ្សេងៗ ដើម្បីវាយលុកទីផ្សារបន្ទះឈីប បន្ទាប់ពីបំពេញតម្រូវការរបស់ខ្លួនឯងរួចរាល់។

មានន័យថា ក្រុមហ៊ុនទាំងបី អាចនឹងបង្កើតក្រុមហ៊ុនថ្មីមួយដែលមានតួនាទីជាអ្នកផលិតបន្ទះឈីបទូរស័ព្ទសម្រាប់ផ្គត់ផ្គង់ទូរស័ព្ទរបស់ខ្លួន (Xiaomi, Oppo និង Google) ហើយក៏ផលិតសម្រាប់ទីផ្សារពិភពលោកផងដែរ។

បើតាមការបញ្ជាក់ពីប្រភពខាងលើ ក្រុមហ៊ុនទាំងបីនេះ នឹងចាប់ផ្តើមផែនការនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដោយអាស្រ័យលើហេតុផលមួយចំនួន ខណៈដែលគេដឹងថា បន្ទះឈីបទាំងនោះក៏មាន បន្ទះឈីប 5G ផងដែរ៕