(ភ្នំពេញ)៖ ជាទូទៅចំពោះបុគ្គលទាំងឡាយ ដែលបានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌណាមួយ ហើយត្រូវបានប្រកាសផ្ដន្ទាទោសស្ថាពរដោយតុលាការ បុគ្គលទាំងនោះនឹងត្រូវបាត់បង់នូវនីតិសម្បទាមួយចំនួន ទៅតាមប្រភេទនៃទណ្ឌកម្មព្រហ្មទណ្ឌ ដែលបានទទួលរងចំពោះបទល្មើស ដែលខ្លួនបានប្រព្រឹត្ដនោះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីទណ្ឌកម្មព្រហ្មទណ្ឌ ក៏មានការកត់ត្រាអំពីប្រវត្ដិឧក្រិដ្ឋភាពនៃបុគ្គលនោះ ដោយការចុះនៅក្នុងបញ្ជីថ្កោលទោស ជាអាទិ៍ផងដែរ ទោះបីជាបន្ទាប់ពីពួកគេបានអនុវត្ដទោសព្រហ្មទណ្ឌនោះចប់សព្វគ្រប់ក៏ដោយ។ ហេតុដូចនេះ យោងតាមច្បាប់កម្ពុជា ថាតើមានលក្ខខណ្ឌអ្វីខ្លះដែលអាចផ្ដល់ និងស្ដារឱ្យមាននីតិសម្បទាឡើងវិញបាន?

ដូច្នេះ សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការផ្ដល់ និងការមាននីតិសម្បទាឡើងវិញ» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖

ការផ្ដល់ និងការមាននីតិសម្បទាឡើងវិញ គឺជាការស្ដារឡើងវិញនូវលក្ខណៈសម្បត្ដិតាមផ្លូវច្បាប់ផ្ដល់ជូនដល់ទណ្ឌិត (បុគ្គលដែលត្រូវបានប្រកាសផ្ដន្ទាទោសស្ថាពរដោយតុលាការព្រហ្មទណ្ឌ) ដែលបានអនុវត្ដទោសចប់ជាស្ថាពររួចហើយ ដើម្បីឱ្យបុគ្គលនោះមានសមត្ថភាព និងសិទ្ធិសេរីភាពពេញលេញតាមច្បាប់ឡើងវិញ ព្រមទាំងផ្ដល់ឱ្យមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ក្នុងការសមាហរណកម្មចូលទៅរួមរស់នៅក្នុងសង្គមវិញបាន។

យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ការផ្ដល់ និងការមាននីតិសម្បទាឡើងវិញ អាចត្រូវបានធ្វើឡើងតាម ២លក្ខខណ្ឌគឺ តាមរយៈផ្លូវតុលាការ និងការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់។

១៖ ការផ្ដល់នីតិសម្បទាឡើងវិញតាមផ្លូវតុលាការ
នេះជាលក្ខខណ្ឌពិសេសមួយដែលកំណត់ដោយច្បាប់ ដែលអនុញ្ញាតឱ្យទណ្ឌិតទាំងឡាយណា ដែលបានអនុវត្ដទោសរួចរាល់ហើយ អាចធ្វើការដាក់ពាក្យសុំឱ្យតុលាការចេញសេចក្ដីសម្រេច ប្រកាសផ្ដល់ឱ្យមាននីតិសម្បទាឡើងវិញបាន។ ការផ្ដល់ឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ អាចត្រូវបានផ្ដល់ឱ្យ ឬមិនផ្ដល់ឱ្យដោយសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ដែលមានការប្រកាសផ្ដន្ទាទោស ដោយតុលាការនៅក្នុងសមត្ថកិច្ចដែនដី នៃសាលាឧទ្ធរណ៍នេះ។ ឧទាហរណ៍ ទណ្ឌិត (ក) ត្រូវបានប្រកាសផ្ដន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ ហេតុដូចនេះ សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ភ្នំពេញ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចប្រកាសផ្ដល់ឱ្យមាននីតិសម្បទាឡើងវិញជូនលោក (ក)។

យោងតាមច្បាប់ ទណ្ឌិតអាចដាក់ពាក្យសុំផ្ដល់ឱ្យមាននីតិសម្បទាតាមផ្លូវតុលាការ លុះត្រាណាតែបានផុត រយៈពេលដូចតទៅ៖ ៥ឆ្នាំ ចំពោះបទឧក្រិដ្ឋ , ៣ឆ្នាំ ចំពោះបទមជ្ឈិម និង ១ឆ្នាំ ចំពោះបទលហុ។ ដែលរយៈពេលនេះ ចាប់ផ្ដើមគិតពីការអនុវត្ដទោសរួច មានន័យថាគិតចាប់ពីបានអនុវត្ដទោសព្រហ្មទណ្ឌរួចរាល់ ឬចាប់ពីការអនុវត្ដដោយបង្ខំពីរូបកាយរូច។

នៅពេលដាក់ពាក្យសុំ ឬនៅពេលសវនាការ ទណ្ឌិតត្រូវជូនភស្ដុតាងដែលបញ្ជាក់ថា ខ្លួនបានអនុវត្ដទោសរួចរាល់ជាស្ថាពរ បានបង់ប្រាក់ពិន័យ ប្រាក់ពន្ធនៃនីតិវិធី និងប្រាក់សំណង និងជំងឺចិត្ដរួចហើយ។ ប្រសិនបើដើមបណ្ដឹងរដ្ឋប្បវេណី បានបោះបង់ចោលមិនទាមទារប្រាក់សំណង ឬជំងឺចិត្ដ ទណ្ឌិតត្រូវផ្ដល់ការបញ្ជាក់អំពីការបោះបង់នេះ លើកលែងតែរកដើមបណ្ដឹងរដ្ឋប្បវេណីមិនឃើញ។

ចំពោះករណី ប្រសិនបើទណ្ឌិតត្រូវបានបង្ខំដល់រូបកាយ ការមិនបង់ប្រាក់ពិន័យ ប្រាក់ពន្ធនៃនីតិវិធី ឬប្រាក់សំណង និងជំងឺចិត្ដ មិនមែនជាឧបសគ្គដល់ការឱ្យមាននីតិសម្បទាឡើងវិញទេ ប្រសិនបើទណ្ឌិតបង្ហាញភស្ដុតាងថាខ្លួនស្ថិតនៅក្នុងស្ថានភាពអសាធនី (អលទ្ធភាពក្នុងការអនុវត្ដ ទាំងស្រុង)។ ប្រសិនបើអ្នកប្ដឹងសុំ ត្រូវបានផ្ដន្ទាទោសពីបទនិទ្ធនភាព សាមីខ្លួនត្រូវជូនភស្ដុតាងដែលបញ្ជាក់ថា បានទូទាត់ប្រាក់បំណុលនៃការក្ស័យធនរួចហើយ។

ប្រសិនបើម្ចាស់បំណុលបានបោះបង់ចោលមិនឱ្យទូទាត់ប្រាក់បំណុលនេះទេ ទណ្ឌិតត្រូវផ្ដល់ការបញ្ជាក់ពីការបោះបង់នេះ។ ចំពោះទម្រង់នៃពាក្យសុំ ឱ្យមានការផ្ដល់នីតិសម្បទាឡើងវិញ និងនីតិវិធីនៃការដាក់ពាក្យសុំ គឺទណ្ឌិតត្រូវធ្វើពាក្យសុំជូនទៅព្រះរាជអាជ្ញា ដែលមានសមត្ថកិច្ចដែនដី។ នៅក្នុងពាក្យសុំ ទណ្ឌិតត្រូវចង្អុលបង្ហាញប្រភេទនៃទណ្ឌកម្មដែលខ្លួនបានរង និងបញ្ជាក់ពីទីកន្លែងដែលខ្លួនបានរស់នៅតាំងពីពេល ដែលខ្លួនត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។

* ចំពោះនីតិវិធីនៃការសម្រេចផ្ដល់នីតិសម្បទាឡើងវិញត្រូវបានធ្វើឡើងដូចខាងក្រោម៖

ក៖ នីតិវិធីចំពោះមុខអយ្យការអមសាលាដំបូងរាជធានីខេត្ដ
បន្ទាប់ពីបានទទួលពាក្យសុំ ព្រះរាជអាជ្ញាត្រូវចាត់ធ្វើការស៉ើបអង្កេតអំពីសីលធម៌នៅគ្រប់ទីកន្លែងដែលទណ្ឌិតធ្លាប់បានរស់នៅ តាំងពីពេលខ្លួនត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។

នៅក្នុងនីតិវិធីស៉ើបអង្កេតនេះ ព្រះរាជអាជ្ញាសុំឱ្យគេប្រគល់មកខ្លួននូវ៖
-លិខិតចម្លងនៃសេចក្ដីសម្រេចផ្ដន្ទាទោស
-លិខិតជូនដំណឹងអំពីកាលបរិច្ឆេទនៃការអនុវត្ដទោសរួចហើយ
-ព្រឹត្ដិបត្រលេខ១ នៃបញ្ជីថ្កោលទោស។

បន្ទាប់ពីបានធ្វើការស៉ើបអង្កេតរួច ព្រះរាជអាជ្ញាត្រូវបញ្ជូនសំណុំរឿង ដោយមានយោបល់ដែលមានសំអាងហេតុរបស់ខ្លួន ភ្ជាប់ជាមួយទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។

ខ៖ នីតិវិធីនៅចំពោះមុខសាលាឧទ្ធរណ៍

បន្ទាប់ពីបានទទួលការបញ្ជូនសំណុំរឿង អគ្គព្រះរាជអាជ្ញាត្រូវធ្វើបណ្ដឹងប្ដឹងទៅសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍។ បន្ទាប់មកសភាពព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ត្រូវកំណត់កាលបរិច្ឆេទសវនាការ ហើយអគ្គព្រះរាជអាជ្ញាត្រូវជូនដំណឹងអំពីកាលបរិច្ឆេទនៃសវនាការដល់អ្នកប្ដឹងសុំ និងដល់មេធាវី។ សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ត្រូវសម្រេចនៅពេលសវនាការសាធារណៈ ក្រោយពីបានស្ដាប់ទណ្ឌិត មេធាវី និងអគ្គព្រះរាជអាជ្ញា។

២៖ ការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់

ក្រៅពីលក្ខខណ្ឌនៃការដាក់ពាក្យសុំឱ្យផ្ដល់នីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ទណ្ឌិតក៏អាចមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ នៅក្នុងករណីដូចតទៅ៖

* នៅពេលផុតរយៈពេល ៥ឆ្នាំ គិតពីថ្ងៃអនុវត្ដទោសរួចរាល់ហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៥ឆ្នាំទេ ឬ ក៏ផ្ដន្ទាទោសពិន័យ។

* នៅពេលផុតរយៈពេល ១០ឆ្នាំ គិតពីថ្ងៃអនុវត្ដទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារលើពី ៥ឆ្នាំ។

សរុបមក ការផ្ដល់ និងការមាននីតិសម្បទាឡើងវិញ គឺជាលក្ខខណ្ឌពិសេសមួយដែលមានសារៈសំខាន់ក្នុងការផ្ដល់ និងស្ដារនូវសិទ្ធិសេរីភាពពេញលេញតាមផ្លូវច្បាប់ដល់ទណ្ឌិត ដែលបានអនុវត្ដទោសរួចស្ថាពរហើយ ដើម្បីអាចទទួលបានពេញលេញនូវសមត្ថភាព និងសិទ្ធិតាមផ្លូវច្បាប់របស់ខ្លួនឡើងវិញ រួមទាំងបង្កលក្ខណៈងាយស្រួលដល់ការធ្វើសមាហរណកម្មចូលទៅក្នុងសង្គមវិញរបស់ពួកគេ៕

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.