(ក្រុងឡុងដ៍)៖ Jesse Lingard រកបាន ២គ្រាប់ក្នុងជ័យជម្នះ ៣-២ ទៅលើក្រុមភ្ញៀវ Leicester City ដើម្បីជួយក្រុមញញួរធំ West Ham United ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ ជាបណ្តោះអាសន្នវិញកៅអីលេង UEFA Champions League សម្រាប់រដូវកាលក្រោយ។

កីឡាករអន្តរជាតិអង់គ្លេសដែលត្រូវបាន West Ham ខ្ចីជើងពី Manchester United កាលខែមករា ឆ្នាំ២០២១ នេះ ស៊ុតបាន ២គ្រាប់ភ្លាមៗនៅនាទី២៩ និងនាទី៤៤ ដើម្បីក្លាយជាកីឡាកររបស់ក្លិបញញួរធំទី១ ដែលរកបានគ្រាប់បាល់ក្នុងលីគ ៤ប្រកួតជាប់ៗ គិតចាប់តាំងពីអតីតមិត្តរួមក្រុម Michail Antonio ធ្លាប់ធ្វើបានកាលពីខែកញ្ញា ឆ្នាំ២០១៦ មក នៅមុនពេល Bowen សម្រេចបានគ្រាប់បាល់ទី៣ ត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ៣នាទីប៉ុណ្ណោះ និងការរបូតវិញ ២គ្រាប់ចុងម៉ោង ពីការធ្វើបានសម្រេចដោយកីឡាករ Iheanacho។

Lingard ក៏រកបានគ្រាប់បាល់ផងដែរ នៅពេលដែលក្រុមចាស់របស់គេ Man Utd ប្រកួតទល់នឹង Leicester City រដូវកាលមុន មុនពេលត្រូវបានផ្ទេរចេញពីទឹកដី Old Trafford ជាលក្ខណៈខ្ចីជើងមកចូលរួមជាអតីតគ្រូបង្វឹកចាស់ David Moyes ក្នុងក្លិប West Ham មួយនេះ និងជាក្តីសង្ឃឹមថាមានកៅអីលេងពានអឺរ៉ុបរដូវក្រោយផងដែរ ដ្បិតនៅសល់ ៧ប្រកួតទៀតបិទការប្រកួតរដូវកាលនេះ៕