(អាមេរិក)៖ ក្រុមហ៊ុន Microsoft Corp ថ្មីៗនេះត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែចរចាទិញក្រុមហ៊ុនបច្ចេកវិទ្យា AI មួយ ដែលមានឈ្មោះថា Nuance Communications Inc ជាមួយនឹងតម្លៃខ្ពស់រហូតដល់ ១៦ពាន់លានដុល្លារអាមេរិក។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ប្រភពដែលជិតស្និទ្ធនឹងក្រុមហ៊ុនទាំងពីរខាងលើបានរាយការណ៍ប្រាប់ Reuters ថា នៅពេលនេះ Microsoft កំពុងចរចាទៅលើ តម្លៃ ដោយគ្រោងផ្ដល់ជូន ៥៦ដុល្លារអាមេរិកក្នុងមួយហ៊ុន ដែល សរុបទៅគឺក្រុមហ៊ុនទាំងមូលមានតម្លៃរហូតដល់ ១៦ពាន់លានដុល្លារ អាមេរិក។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Microsoft និង Nuance Communications Inc អាចនឹងឈានដល់កិច្ច ព្រមព្រៀងឆាប់ៗនេះ ពោលគឺអាចនៅក្នុងសប្ដាហ៍នេះក៏ថាបាន ខណៈដែល សារព័ត៌មាន Bloomberg News បានចេញផ្សាយ ថា ក្រុមហ៊ុនទាំងពីរបានយល់ព្រមលើលក្ខខណ្ឌជាច្រើនហើយ នៅសល់តែលក្ខខណ្ឌមួយចំនួនតូចប៉ុណ្ណោះ។

Nuance Communications Inc ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនបច្ចេកវិទ្យា AI មួយដែលល្បី ដោយបច្ចុប្បន្នមានជួយ ទៅ លើ ការងារក្រុមហ៊ុន Apple លើមុខងារ Siri និងកំពុងដើរតួយ៉ាងសំខាន់ក្នុងឧស្សាហកម្ម ថែទាំសុខភាព និង ឧស្សាហកម្មយានយន្ត។

គួរបញ្ជាក់ផងដែរថា បើសិនជាកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងមែននោះ មានន័យថា នេះជាការទិញលក់មួយក្នុងតម្លៃខ្ពស់លំដាប់ ទី២ របស់ក្រុមហ៊ុន Microsoft បន្ទាប់ពីទិញបណ្ដាញសង្គម LinkedIn ក្នុងតម្លៃ ២៦.២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៦៕