(ភ្នំពេញ)៖ កីឡាករសញ្ជាតិអាមេរិក Jonny Campbell បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដល់ខ្លួនដែលជាវ៉ាក់សាំង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនចិនកាលពីថ្មីៗ។

អតីតខ្សែការពារក្លិបភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង បានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់កាលពីចុងសប្ដាហ៍កន្លងទៅ នៅអគារកោះពេជ្រ។ បន្ទាប់ពីចាក់រួច Jonny Campbell បានអរគុណជាខ្លាំងចំពោះកម្ពុជា ដែលផ្ដល់វ៉ាក់សាំងដល់ខ្លួន ស្របពេលរូបគេត្រូវចេញដំណើរទៅហ្វីលីពីន ដើម្បីប្រកបអាជីពជាមួយក្លិបថ្មី គឺក្លិបជើងឯក United City FC។

ទន្ទឹមជាមួយគ្នាក៏មានអតីតមិត្ដរួមក្រុមជាច្រើនបានចូលរួមអបអរសាទរ ចំពោះការទទួលបានវ៉ាក់សាំងការពារជំងឺដ៏កាចសាហាវរបស់ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះដែរ ហើយ Jonny Campbell បានតបជាមួយពាក្យអរគុណ ព្រមទាំងបញ្ជាក់ទៀតថា ខ្លួនពិតជាស្រលាញ់ប្រទេសកម្ពុជាខ្លាំងទៀតផង។

តាមគម្រោង Jonny Campbell នឹងចាកចេញពីកម្ពុជានៅចុងខែមេសានេះ ពោលគឺក្រោយចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ លើកទី២ ដើម្បីទៅចូលរួមជាមួយទ្រនំថ្មី គឺក្លិប United City FC នារដូវកាលថ្មី ឆ្នាំ២០២១ បន្ទាប់ពីគេបានចំណាយពេល ៣រដូវកាលនៅកម្ពុជា ជាមួយក្លិបភ្នំពេញក្រោន កាលពីឆ្នាំ២០១៨ និងក្លិបព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំ២០១៩-២០២០ កន្លងទៅ៕