(បរទេស)៖ លោកស្រី Youn Yuh Jung វ័យ៧៣ឆ្នាំ ដែលជាតារាសម្តែងជើងចាស់មួយរូបរបស់កូរ៉េ បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខ្លួនឯង ក្នុងឆ្នាំ២០២១នេះ ដោយទើបតែទទួលបានពានរង្វាន់ដ៏មានអត្ថន័យមួយ ពីបណ្ឌិតសភាពភាពយន្តរបស់អង់គ្លេស ឬ British Academy of Film and Television Arts (BAFTA)។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មាន Soompi នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

នាពេលថ្មីៗនេះ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់អង់គ្លេស BAFTA ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង London និងធ្វើការផ្សាយបន្តផ្ទាល់លើបណ្តាញអនឡាញ ចេញពី the Royal Albert Hall។

ក្នុងកម្មវិធីនោះ គេមើលឃើញថា តារាសម្តែងជើងចាស់របស់កូរ៉េម្នាក់ គឺលោកស្រី Youn Yuh Jung បានឈ្នះពានរង្វាន់ BAFTA ក្នុងនាមជាតារាសម្តែងដែលល្អបំផុត សម្រាប់ការសម្តែងភាពយន្តរបស់លោកស្រីនាពេលកន្លងមក គឺរឿង «Minari»។ ការឈ្នះពានរង្វាន់ពីសំណាក់លោកស្រី Youn Yuh Jung ត្រូវបានគេដឹងថា ជាតារាសិល្បៈរបស់កូរ៉េលើកដំបូងបង្អស់ហើយ ដែលបានទទួលពានរង្វាន់ពីប្រទេសអង់គ្លេសនេះ។

សម្រាប់លោកស្រី Youn Yuh Jung បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ពេលទទួលបានការឈ្នះពានរង្វាន់ពីប្រទេសអស់គ្លេសមួយនេះ។ លោកស្រីថា ពានរង្វាន់នេះគឺពិតជាមានអត្ថន័យយ៉ាងខ្លាំងក្នុងជីវិតរបស់លោកស្រី។

គួរជម្រាបថា លោកស្រី Youn Yuh Jung គឺជាតារាភាពយន្តជើងចាស់កូរ៉េម្នាក់ដែលមានភាពល្បីល្បាញខ្លាំងក្នុងវិស័យភាពយន្តកូរ៉េ។ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យមួយនេះក្នុងឆ្នាំ ១៩៦០ លោកស្រីបានសម្តែងរឿងល្បីៗជាបន្តបន្ទាប់ និងទទួលបានពានរង្វាន់ តាមរយៈស្នាដៃលោកស្រីជាច្រើនដូចជាពានរង្វាន់ល្បី Oscar ជាដើម។ តែយ៉ាងណា ការទទួលបានពានរង្វាន់ពីប្រទេសអង់គ្លេសនេះ គឺជាលើកទី១ហើយសម្រាប់លោកស្រី៕