(ភ្នំពេញ)៖ កំពុងតែពិបាករឿងកូវីដ-១៩ផងនោះ នៅពេលនេះតារាចម្រៀងម្ចាស់បទ «ព្រះឥន្ទទាត់សី» លោក ចាន់ មករា បានជួបទុក្ខផ្ទួនៗ ខណៈឪពុកបង្កើតរបស់លោក បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសធ្ងន់ ខណៈបច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។

តារាចម្រៀង ចាន់ មករា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា ឪពុករបស់លោកកំពុងសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ។ លោកថា ឪពុករបស់លោកមានមុខរបរជាអ្នករត់ Pass App នៅផ្សារវាលរេញ ស្រុកព្រៃនប់ ដែលជាស្រុកកំណើតរបស់លោក ខណៈកំពុងប្រកបមុខរបរនេះ នៅវេលាម៉ោង១២កន្លះថ្ងៃត្រង់ ថ្ងៃទី១២ ខែមេសា ឪពុករបស់លោកក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយមានរថយន្តមកបុក Pass App បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃពីកំណាត់ បែកមុខ និងត្រូវកន្លែងផ្សេងៗទៀត តម្រូវឲ្យបញ្ចូនមកសង្គ្រោះនៅភ្នំពេញតែម្តង។

ម្ចាស់បទ «ចាបយំល្វើយៗ» រូបនេះបានបន្តថា ស្របពេលដែលជំងឺកូវីដ-១៩ នេះរាតត្បាតខ្លាំង បានធ្វើឲ្យក្រុមគ្រួសាររបស់លោក ខ្វះខាតលទ្ធភាព ក៏ដូចជាខ្សត់ខ្សោយក្នុងការព្យាបាលឪពុកតែម្តង ខណៈអាជីពសិល្បៈរបស់លោកដែលធ្លាប់រកចំណូលបាន ក៏ប្រែជារកមិនបានថែមទៀត ហើយឥឡូវមកជួបគ្រោះបែបនេះទៀត ធ្វើឲ្យគ្រួសារបស់លោកកាន់តែលំបាក។

គួរជម្រាបថា មួយរយៈមុន លោកចាន់ មករា ហាក់រីកមុខរីកមាត់ដូចគ្រាប់ជី ក្រោយពីមហាជនជក់ចិត្តខ្លាំង ជាមួយនឹងសំនៀងដ៏ពិរោះ មានទឹកដមរបស់លោក តាមរយៈការបកស្រាយបទ «ចាបយំល្វើយៗ» និងបទ «ព្រះឥន្ទទាត់សី» ជាដើម។ ប្រជាប្រិយភាពរបស់លោក ត្រូវបានគេដឹងថា ជាផ្នែកមួយជួយឲ្យតារារូបនេះងាយស្រួលក្នុងការរកចំណូលពីវិស័យសិល្បៈ តែនៅពេលនេះអ្វីៗដែលលោកធ្លាប់ទទួលបានប្រែជាផ្ទុយស្រឡះ នៅពេលមានជំងឺរាតត្បាតកូវីដ-១៩មកដល់ ធ្វើឲ្យលោកខ្វះខាតខ្លាំង៕