(បាសេឡូណា)៖ ក្លិបបាល់ទាត់អាជីព FC Barcelona របស់អេស្ប៉ាញ បានយកឈ្នះលើគូប្រជែង Real Madrid ក្លាយជាក្លិបបាល់ទាត់ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងតម្លៃ ៤.៧៦ពាន់លានដុល្លារ។ នេះបើយោងតាមបញ្ជី ដែលចេញផ្សាយដោយទស្សនាវដ្តីអាមេរិក Forbes នាថ្ងៃអង្គារ ទី១៣ ខែមេសានេះ។

Real Madrid ដែលស្ថិតនៅលំដាប់កំពូលនៃបញ្ជីនេះរយៈពេល៥ដងកាលពីពេលកន្លងទៅនោះ បានធ្លាក់មកឈរនៅចំណាត់ថ្នាក់ទី២ វិញ ដែលមានតម្លៃ ៤.៧៥ពាន់លានដុល្លារ។

ទស្សនាវដ្តី Forbes បានឲ្យដឹងថា តម្លៃជាមធ្យមនៃក្លិបកំពូលទាំង២០ បានកើនឡើង ៣០ភាគរយ ធៀបនឹងរយៈពេល ២ឆ្នាំមុន រហូតដល់ ២.២៨ពាន់លានដុល្លារ បើទោះបីជាការរីករាលដាលនៃវីរ៉ុស COVID-19 បានប៉ះពាល់ដល់ប្រាក់ចំណូលថ្ងៃប្រកួតក៏ដោយ ដែលបានធ្លាក់ចុះដល់ ៤៤១លានដុល្លារកាលពីរដូវកាលមុន ធ្លាក់ចុះ ៩.៦ភាគរយពីរដូវកាលឆ្នាំ២០១៧-២០១៨។

ជាមួយគ្នានោះ ម្ចាស់ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Champions League ក្លិប Bayern Munich របស់អាល្លឺម៉ង់មានតម្លៃ ៤.២១ពាន់លានដុល្លារ បានស្ថិតនៅលំដាប់លេខ៣ ក្នុងបញ្ជីស្របពេលដែលក្លិបធំៗទាំង៦ «Big Six» លេងក្នុងលីគ Premier League ដែលមានដូចជាក្លិប Manchester United, Liverpool, Manchester City, Chelsea, Arsenal និងក្លិប Tottenham Hotspur ស្ថិតក្នុងចំណោមក្លិបកំពូលទាំង១០ ដែលមានតម្លៃថ្លៃជាងគេបំផុត។

ម្ចាស់ពានរង្វាន់ជើងឯកបារាំង និងជាម្ចាស់ពានរង្វាន់ជើងឯករង Champions League កាលពីឆ្នាំមុន គឺក្លិប Paris St. Germain បានឡើងមកឈរនៅលំដាប់ទី៩ បន្ទាប់ពីក្លិបមានតម្លៃ ២.៥ពាន់លាន ជាមួយនឹងកំណើន ១២៩ភាគរយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជាកំណើនខ្ពស់ជាងគេបំផុតក្នុងចំណោមក្លិបកំពូលទាំង១០៕