(អាមេរិក)៖ កំពូលតារាសម្តែងល្បីឈ្មោះរបស់អាមេរិក ដែលលេខមុខក្នុងរឿង «Fast & Furious» លោក Dwayne Johnson ហៅ The Rock បាននិយាយនៅថ្ងៃច័ន្ទសប្តាហ៍នេះថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីអាមេរិក ប្រសិនបើមានការគាំទ្រច្រើនពីប្រជាជនអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

Jonhson បច្ចុប្បន្នមានវ័យ៤៨ឆ្នាំ ដែលគេដឹងថាជាតារាមានតម្លៃខ្លួនខ្ពស់ និងមានប្រជាប្រិយភាពបំផុតរបស់អាមេរិកនោះ គឺធ្លាប់បង្ហាញចំណាប់អារម្មណ៍លេងៗជាច្រើនដងមកហើយ អំពីការឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក។

តែយ៉ាងណា ថ្លែងក្នុងកិច្ចសម្ភាសន៍ផ្សាយផ្ទាល់មួយជាមួយបណ្តាញផ្សព្វផ្សាយ Today នៅថ្ងៃច័ន្ទសប្តាហ៍នេះ លោក Jonhson បាននិយាយថា «ខ្ញុំពិតជាមានគោលដៅចូលរួមជាមួយប្រទេសជាតិរបស់យើង ហើយខ្ញុំក៏មានអារម្មណ៍ដូច្នេះដែរ ប្រសិនបើវាជាអ្វីដែលមនុស្សត្រូវការ នោះខ្ញុំនឹងធ្វើវា»។ លោកនិយាយបែបនេះ នៅពេលដែលគេសួរពីមហិច្ឆតា នៃការចង់ក្លាយជាប្រធានាធិបតីរបស់លោក។

ការគូសបញ្ជាក់របស់លោក ធ្វើឡើងបន្ទាប់ពីការស្ទង់មតិសាធារណៈតាមអ៊ិនធឺរណែតមួយ ដែលត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយក្រុមហ៊ុននិន្នាការអតិថិជន «Piplsay» ដែលបានរកឃើញថា ប្រជាជនអាមេរិកប្រហែល ៤៦% នឹងពិចារណាបោះឆ្នោតឱ្យ Jonhson។

ទោះយ៉ាងណាក្តី ក្នុងបទសម្ភាសន៍ជាមួយ Today លោក Jonhson មិនបានបញ្ជាក់នោះទេថា តើគណបក្សមួយណាលោកនឹងជ្រើសរើសនោះ។

គួរបញ្ជាក់ថា Dwayne Johnson ហៅ The Rock ត្រូវបានគេដឹងថាជាតារាប្រុសមួយរូបរបស់អាមេរិក ដែលមានប្រាក់ចំណូលច្រើន តាមរយៈការងារសិល្បៈរបស់លោក ត្បិតភាពយន្តដែលលោកសម្តែងសុទ្ធតែជារឿងកំពូលៗនិងល្បីខ្លាំង។ កាលពីឆ្នាំ២០១៩ លោកបានជាប់ឈ្មោះក្នុងទស្សនាវដ្តី Forbes ជាតារាប្រុសដែលមានប្រាក់សុទ្ធច្រើនជាងគេ ក្នុងចំណោមតារាប្រុសទាំង១០នាក់ផ្សេងទៀត៕