(អាមេរិក)៖ ក្រុមហ៊ុន Intel Corp បានជួបនូវវិបត្តិសេដ្ឋកិច្ចនៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតដល់ក្រុមប្រឹក្សាភិបាល និងអ្នកវិនិយោគទុន បានប្រជុំនិងស្វែងរកដំណោះស្រាយ ដោយឡែកនៅពេលនេះ ក្រុមហ៊ុនបានប្រកាសពីយុទ្ធសាស្ត្រថ្មីក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Intel នឹងចាប់ផ្ដើមដំណើរការផលិតនូវឈីបសម្រាប់រថយន្ត ខណៈដែលតម្រូវការឈីបរថយន្តនៅសហរដ្ឋអាមេរិច និងពិភពលោកកំពុងតែខ្វះខាត។

លោក Pat Gelsinger នាយកប្រតិបត្តិ Intel ថ្មីបានប្រកាសឲ្យដឹងថា ក្រុមហ៊ុនបានសហការជាមួយនឹងដៃគូជាច្រើនក្នុងការដំណើរការផលិតឈីប ដោយមានរោងចក្រមួយចំនួននឹងត្រូវដំណើរការនៅក្នុងរយៈ៩ខែទៀត។

នាយកប្រតិបត្តិរូបនេះក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានជួបពិភាក្សាជាមួយសេតវិមានរួចរាល់ហើយទៅលើគម្រោងផលិតឈីបនេះ។

គួរបញ្ជាក់ផងដែរថា នៅមុននេះមានក្រុមហ៊ុនផលិតយានយន្តជាច្រើន រួមទាំងក្រុមហ៊ុន Ford និង GM របស់អាមេរិកផងនោះ បានប្រកាសកាត់បន្ថយផលិតកម្មយានយន្តបន្ថែមទៀត ដោយសារកង្វះឈីប ខណៈដែលទីផ្សាររថយន្តកំពុងមានតម្រូវការខ្ពស់៕