(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានការរៀបចំពិធីសម្ពោធជាផ្លូវការ ពិសេសក៏មានការប្រកួតមិត្តភាពអន្ដរជាតិកម្ពុជា-ចិន លើប្រភេទកីឡាមួយចំនួន ដើម្បីអបអរសាទរសំណង់ប្រវត្តិសាស្ដ្រនេះផងដែរ។

ការលើកឡើងនេះ ស្របពេលកីឡដ្ឋានស្ដង់ដារអន្ដរជាតិដែលត្រៀមស្វាគមន៍ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងលើ បាននឹងកំពុងសម្រុកសាងសង់យ៉ាងសស្រាក់សស្រាំ ហើយខិតជិតនឹងបញ្ចប់ការសាងសង់ជាស្ថាពរនាចុងខែឧសភាខាងមុខ។ ប៉ុន្ដែចំពោះការរៀបចំពិធីសម្ពោធផ្លូវការវិញ ក៏អាស្រ័យលើស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ-១៩ ដែរ ដ្បិតបច្ចុប្បន្នជំងឺដ៏កាចសាហាវនេះ កំពុងរីករាលដាលខ្លាំងនៅកម្ពុជា។

ថ្លែងកាលពីថ្មីៗលោកបានបញ្ជាក់ថា «តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី សម្ដេចតែងមានប្រសាសន៍ពីមុនមកហើយ គឺថាយើងនឹងទទួលរៀបចំពិធីសម្ពោធ (កីឡដ្ឋានធំ) ឲ្យមានភាពគគ្រឹកគគ្រេង មានលក្ខណៈជាផ្លូវការមួយអាចមានសកម្មភាពប្រកួតមិត្តភាពកម្ពុជា-ចិនលើប្រភេទកីឡាមួយចំនួន ហើយធ្វើសកម្មភាពផ្សេងៗទៀតឲ្យអធិកអធម មុននឹងយើងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «ប៉ុន្ដែពេលវេលានៃការរៀបចំពិធីសម្ពោធនេះ យើងមិនទាន់បានកំណត់ទេ គឺផ្អែកទៅលើភាពជាក់ស្ដែង នៃស្ថានភាពកូវីដ-១៩ ហើយអាស្រ័យលើភាពជាក់ស្ដែង និងការកំណត់របស់ថ្នាក់ដឹកនាំរបស់យើងថា យើងនឹងរៀបចំនៅពេលណាជាមួយភាគីចិន។ ចឹងយើងនឹងរៀបចំជាមួយគ្នា ហើយធ្វើឲ្យការផ្សព្វផ្សាយរបស់យើងផ្ទុះឡើងក្នុងពេលឆាប់ៗ»

គួរដឹងថា មកទល់ពេលនេះ កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ បានសម្រេចការសាងសង់ជាង ៩៥% ហើយ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងសម្រុកបំពាក់កៅអី រួមទាំងទីលាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក៏បានកំពុងមមាញឹកក្នុងការសាងសង់ និងតុបតែងយ៉ាងរលូន ក្រោមវិធានការសាងសង់បិទជិត ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូលសេរី ដើម្បីឈានទៅបញ្ចប់គម្រោងតាមផែនការ នាចុងខែឧសភាខាងមុខ។

 

សូមបញ្ជាក់ថា សំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយប្រើប្រាស់វិស្វករជំនាញ និងកម្មករសរុបជាង ៦០០នាក់ ដើម្បីសាងសង់ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំសម្បើមនេះអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ឯណោះ៕