(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន១០០កេស និងភេសជ្ជៈប៉ូវកម្លាំងវើកចំនួន២០កេស ក្រោម យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ជូនដល់កម្លាំងគ.អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងយាមល្បាតមន្ទីរពេទ្យហ្លូងម៉ែ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មើលឃើញពីភាពនឿយហត់របស់កងកម្លាំងគ.អន្តរាគមន៍ ដែលកំពុងយាមល្បាតមន្ទីរពេទ្យហ្លូងម៉ែ។

ក្រុមហ៊ុនចូលរួមបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈ ដោយសង្ឃឹមថា នឹងអាចសម្រាលការលំបាករបស់កងកម្លាំងយើង។ ការថែរក្សាសុខភាពឲ្យបានល្អ គឺជារឿងចាំបាច់បំផុត ដើម្បីអាចយកឈ្នះកូវីដ-១៩ ដែលជាសត្រូវដ៏កាចសាហាវ»។

លោក ដៀង កុសល មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «ការបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈទាំងនេះ នឹងជួយសម្រាលការលំបាក និងកាត់បន្ថយការចំណាយដល់កម្លាំងគ.អន្តរាគមន៍ ដែលកំពុងឈរជើងយាមល្បាតទាំងយប់ទាំងថ្ងៃ»

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕