(ភ្នំពេញ)៖ កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី ទំនងមិនអាចឡើងសង្វៀន ONE Championships ដោយត្រូវជួបកីឡាការិនីជើងខ្លាំងអាមេរិក Colbey Northcutt Daniels នាថ្ងៃទី២៨ ខែមេសាខាងមុខនេះបានឡើយ បន្ទាប់ពីនាងបានរងរបួសស្មាអំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញ។

សុវណ្ណារី បានបង្ហោះសារលើបណ្ដាញសង្គម អមជាមួយសារសោកស្ដាយជាខ្លាំង ចំពោះការជួបរឿងអាក្រក់ដោយចៃដន្យខាងលើ ហើយនាងក៏បានសុំអភ័យទោសទៅកាន់ដៃគូប្រកួតរបស់ខ្លួន គឺកីឡាការិនី Colbey Northcutt រួមទាំងស្ថាប័ន ONE ដែលបានផ្គូផ្គង និងផ្ដល់ឱកាសឲ្យនាងសម្រាប់ការត្រៀមខ្លួនឡើងង្វៀនលំដាប់ពិភពលោកនេះដែរ។

អ្នកលេងគុនចម្រុះមានឪពុកម្ដាយជាជនជាតិខ្មែររូបនេះបានសរសេររៀបរាប់ថា «ពាក្យសំដីមិនអាចបញ្ជាក់បានថាខ្ញុំឈឺចាប់ប៉ុណ្ណាទេ ចំពោះការរងរបួសជិតដល់ពេលប្រកួត ហើយត្រូវបានគេបង្ខំឲ្យចាកចេញ។ ខ្ញុំបានហ្វឹកហាត់ដូចជាឆ្កែ ហើយបានលះបង់ពេលវេលារាប់មិនអស់ ដើម្បីត្រៀមការប្រកួតនេះ ហើយនៅទីនេះយើងនៅតែមិនអាច...»

កីឡាការិនីវ័យ ២៧ឆ្នាំរូបនេះបន្ដថា «ខ្ញុំចង់សុំទោសគ្រូបង្វឹករបស់ខ្ញុំ លោក Justen Hamilton ដែលបានលះបង់ពេលវេលាជាច្រើនដើម្បីជួយខ្ញុំ។ ខ្ញុំចង់សុំទោសកីឡាការិនី Colbey Northcutt ខ្ញុំជឿជាក់ថា នាងបានត្រៀមខ្លួនយ៉ាងលំបាកដូចខ្ញុំដែរ ហើយបានចំណាយពេលជាច្រើន ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតនេះ។ ខ្ញុំអរគុណខ្លាំងណាស់សម្រាប់ការចែករំលែកសម្រាប់ការប្រកួតក្នុងទ្រុងរបស់អ្នក»

នាងបន្ថែមថា «ខ្ញុំចង់សុំទោសស្ថាប័ន ONE សម្រាប់ការផ្ដល់ឱកាសដ៏ល្អឲ្យខ្ញុំ ក្នុងការប្រកួតព្រឹត្តិការណ៍ TNT ហើយខ្ញុំមិនអាចទទួលវាបាន។ ខ្ញុំនឹងនឹករឮកដល់លោក Mitch Chilson, Michael Schiavello និង Ric Auty ហើយខ្ញុំចង់សុំទោសគ្រប់គ្នាដែលជួយគាំទ្រខ្ញុំរហូតមក ពិសេសប្រជាជនជកម្ពុជា ដែលជាអ្នកគាំទ្រដ៏អស្ចារ្យរបស់ខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំគ្មានជម្រើសទេ ប៉ុន្ដែខ្ញុំនៅតែមានអារម្មណ៍ថា ខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាអាក់អន់ចិត្ត»

គួរដឹងថា កីឡាការិនីកូនខ្មែរកើតនៅអាមេរិកខាងលើ ត្រូវបានផ្គូផ្គងឲ្យជួបកីឡាការិនី Colbey Northcutt ក្នុងព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី២៨ ខែមេសាខាងមុខ បន្ទាប់ពីនាងបាននផ្ដួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ត្រឹមទឹកទី២ កាលពីចុងខែមករាកន្លងទៅ។ យ៉ាងណាមិញមកទល់ពេលនេះ ONE នៅមិនទាន់បញ្ជាក់ផ្លូវការជុំវិញបញ្ហាគូប្រកួតរបស់ សុវណ្ណារី នោះទេថាត្រូវផ្លាស់ប្ដូរ ឬត្រូវលុបចោលតែម្ដង?