(សេវីយ៉ា)៖ ក្រុមបាល់ទាត់តោខៀវ Chelsea របស់អង់គ្លេសបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League ជាលើកដំបូង ក្រោយរង់ចាំអស់ ៧ឆ្នាំ បើទោះបីជាចាញ់ FC Porto ១-០ បញ្ចប់ជើងទី២ នារាត្រីថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទឹកដីកណ្តាលនៃទីក្រុង Seville ប្រទេសអេស្ប៉ាញដូចជើងទី១ ផងនោះ មានតែ ១គ្រាប់ប៉ុណ្ណោះកើតឡើងពីការធ្វើបានសម្រេចដោយកីឡាករ Mehdi Taremi នៅនាទី៩០+៣ ពីការបញ្ជូនយ៉ាងស្អាតរបស់មិត្តរួមក្រុម Chipela Gomes នៅពេលក្រុមមកពីព័រទុយហ្គាល់មួយនេះចាញ់ Chelsea ២-០ កាលពីជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយសប្តាហ៍មុន។

Chelsea ត្រូវប៉ះក្រុមឈ្នះរវាង Liverpool ឬ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតអតីតម្ចាស់ជើងឯកអឺរ៉ុប ១៣សម័យកាលច្រើនជាងគេ Real Madrid បានយកឈ្នះ Liverpool ៣-១ កាលពីជើងទី១ នៅកីឡដ្ឋាន Alfredo di Stefano មុនមកកាត់សេចក្តីជើងទី២ នៅ Anfield រាត្រីនេះ។

នេះជាលើកទី៨ ហើយដែលតោខៀវ Chelsea បានឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃ UEFA Champions League ច្រើនជាងក្រុមណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តរបស់អង់គ្លេស និងបានឈ្នះពាននេះម្តងដែរកាលឆ្នាំ២០១២ ដោយបានយកឈ្នះ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ៕