(ប៉ារីស)៖ Paris Saint-Germain របស់បារាំងបានសងសឹក និងទម្លាក់ Bayern Munich ដែលជាម្ចាស់ជើងឯករដូវកាលមុន UEFA Champions League ដោយសារគ្រាប់បាល់ចំណេញក្រៅដី (away goals) បើទោះបីជាចាញ់ក្នុងលទ្ធផល ១-០ បញ្ចប់ជើងទី២ នារាត្រីថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនោះ កីឡាករខ្សែប្រយុទ្ធ Eric Maxim Choupo-Moting រកបានគ្រាប់បាល់ទាំង ២ប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅពេលដែលពួកគេ (Bayern) ក៏បានចាញ់ PSG ៣-២ នៅទឹកដីអាល្លឺម៉ង់កាលពីជើងទី១ ដែលតម្រូវរកឲ្យបាន ២គ្រាប់ដាច់ខាតដើម្បីមានសង្ឃឹមឡើងវគ្គ ៤ក្រុមចុងក្រោយ។

Bayern Munich ហាក់ពុំមែនជាដៃគូ និងមានទម្រង់ប្រយុទ្ធមិនដល់កម្រិតកំពូលដែលគួរឲ្យភ័យខ្លាចឡើយ នៅពេលអវត្តមានខ្សែប្រយុទ្ធសំខាន់ Robert Lewandowski ដោយសាររបួស និងមិនបានលេងតាំងពីជើងទី១ មក ខុសឆ្ងាយពីរដូវកាលមុន ២០១៩-២០២០ លេង១០ប្រកួតរហូតដល់ឈ្នះពាន ពុំរបួសសោះ។

PSG ដែលពុំទាន់ឈ្នះពាន UEFA Champions League ម្តងសោះ នឹងរង់ចាំគូប្រកួតរវាងក្រុមឈ្នះ Borussia Dortmund ឬក៏ Manchester City ដែលត្រូវប្រកួតបញ្ចប់ជើងទី២ វគ្គ ៨ក្រុមចុងក្រោយរាត្រីនេះ ដ្បិតជើងទី១ ម្ចាស់ផ្ទះមេឃខៀវបានយកឈ្នះ Dortmund ២-១ នៅទឹកដី Etihad Stadium៕