(ម៉ូស្កូ)៖ កីឡាករវាយកូនបាល់ទោល (Tennis) របស់រុស្ស៊ី Daniil Medvedev ត្រូវបានបញ្ជាក់ថា រូបគេបានតេស្តវិជ្ជមាន COVID-19 នឹងត្រូវបានអវត្តមានការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Monte Carle Masters លើទីលានដីឥដ្ឋ។ នេះបើតាមការចេញផ្សាយដោយ ATP នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។
បុរសវ័យ ២៥ឆ្នាំ Daniil Medvedev ដែលជាកីឡាករ Tennis ឈរលំដាប់ទី២ ពិភពលោកនាពេលបច្ចុប្បន្នផងនោះ នឹងខកខានការប្រកួតខាងលើ ដែលនឹងរៀបចំឡើងនៅក្នុងសប្តាហ៍នេះ ខណៈរូបគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេជាបណ្តោះអាសន្ន ដោយមានការមើលថែដោយក្រុមគ្រូពេទ្យរបស់ស្ថាប័នកីឡាវាយកូនបាល់ផ្នែកបុរស។
ការប្រកួត Monte Carle Masters បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ខណៈដែល Daniil Medvedev បានលើកឡើងថា រូបគេកំពុងតែផ្តោតទៅលើការឲ្យឆាប់ជាសះស្បើយ និងអាចវិលទៅវិញឆាប់ៗដោយមានសុវត្ថិភាពបំផុត គ្រាដែលរូបគេក៏បានជួបហ្វឹកហាត់រួមគ្នាជាមួយ Rafael Nadal ផងដែរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕