(ភ្នំពេញ)៖ នៅវេលាម៉ោង៤ព្រឹកព្រហាម ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ជាវេលាដែលទេវតាឆ្នាំចាស់ប្តូរវេន ជំនួសមកនូវទេវតាឆ្នាំថ្មី គឺព្រះនាង មណ្ឌាទេវី ដែលជាបុត្រីទី៤របស់កបិលមហាព្រហ្ម។ ទន្ទឹមគ្នានេះ តាមរយៈវីដេអូទេវតាឆ្នាំថ្មី មហាជនសម្តែងការចាប់អារម្មណ៍ខ្លាំងទៅលើ តួអង្គសម្តែងជាទេវតាឆ្នាំថ្មី ថាមានសម្រស់ស្រស់ស្អាត ខណៈឈ្មោះពិតរបស់អង្គទេវតាឆ្នាំថ្មី គឺ សាន្ត កុសុមៈ។ តើកញ្ញា សាន្ត កុសុមៈ ជានរណា?

កញ្ញា សាន្ត កុសុមៈ គឺជាម្ចាស់មកុដ ទទួលចំណាត់ថ្នាក់លេខ១ នៃកម្មវិធី «ធីតាឯកសង្រ្កាន្ត» រដូវកាលទី២ ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានជ័យលាភីពីកម្មវិធីនេះ នាងក៏បានដើរតួសម្តែងជាទេវតាឆ្នាំថ្មី ព្រះនាង មណ្ឌាទេវី តែម្តង។ ក្រៅពីអាជីពបង្ហាញម៉ូត កញ្ញា សាន្ត កុសុមៈ ធ្លាប់ មាន បទពិសោធ ជា តារា សម្តែង គឺ ជា តួឯក ស្រី នៅ ក្នុង កុន ភាគ រឿង «នគរមាស» និង រឿង «ដើមរ លួស មាស» នៅ ឯ ប៉ុស្តិ៍ ទូរទស្សន៍ ស៊ីធីអិន និងភាពយន្តដទៃទៀតផងដែរ។

បច្ចុប្បន្ននេះ កញ្ញា សាន្ត កុសុមៈ ត្រូវបានគេមើលឃើញថា កាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនខ្មែរ បន្ទាប់ពីលេខមុខក្នុងការសម្តែងជាតួអង្គទេពធីតា «មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម។

កញ្ញា សាន្ត កុសុមៈ បាននិយាយថា ដោយសារនាងជាអ្នកតំណាងឱ្យទេពធីតា! នាងបានដឹងថានៅពេលនេះគឺកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកមួយពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ដូច្នេះនាងសូមបួងសួងដល់ទេវតា និងវត្ថុស័ក្កសិទ្ធិទាំងអស់ឱ្យជួយថែរក្សាកម្ពុជា ជាពិសេសប្រជាជនយើង គឺសូមឱ្យពួកគាត់មានតែសេចក្តីសុខ ជៀសឆ្ងាយពីគ្រោះទុក្ខ និងជំងឺទាំងឡាយ៕