(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរនេះ ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅព្រះនគរ បានរៀបចំទទួលទេវតាឆ្នាំថ្មី ប្រកបដោយទឹកចិត្ដជ្រះថ្លាបំផុត ដល់បុត្រីកបិលមហាព្រហ្ម ព្រះនាងមណ្ឌាទេវី ដោយមានកេតនភណ្ឌព្រះហត្ថស្ដាំកាន់ «ម្ជុល» និងព្រះហត្ថឆ្វេងកាន់ «ឈើច្រត់»។

តើទេវតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី ព្រះហត្ថកាន់ «ម្ជុល និងឈើច្រត់» មានអត្ថន័យយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ ថ្លែងរៀបរាប់ថា

ទី១៖ ម្ជុលដ៏មុតស្រួច ប្រៀបដូចជាទឹកចិត្ដដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទេសក៍ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងការរក្សាសន្ដិភាព ដើម្បីអភិវឌ្ឍស្រុកទេស និងយុត្ដិធម៌សង្គម។ ជាក់ស្ដែង យើងឃើញសមិទ្ធផលនានាលេចធ្លោជាបន្ដបន្ទាប់គ្មានឈប់ឈរ ជាអាទិ៍៖ រោងចក្រធំ-តូចនៅពាសពេញខេត្ដ-ក្រុង ស្ពានធំ-តូចឆ្លងកាត់ទន្លេបឹងបួរដែលសម្រួលដល់ការឆ្លងកាត់ក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋទូទាំងព្រះនគរ។ ស្ពានអាកាស ផ្លូវថ្នល់ខ្វាត់ខ្វែងពីទីក្រុងរហូតដល់ជនបទពិសេសថ្មីៗនេះ សម្ដេចតេជោបានអនុញ្ញាតឲ្យកសាងផ្លូវនៅខេត្ដព្រះសីហនុ និងខេត្ដសៀមរាបរាប់សិបខ្សែទៀត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋយើង។

ប៉ុន្ដែទន្ទឹមនឹងនេះ បើទោះបីរាជរដ្ឋាភិបាលបានខិតខំយ៉ាងណាក្ដី ក៏ភាពចន្លោះប្រហោងនៅតែមាន គឺប្រៀបដូចជា ម្ជុល ដែលមានចន្លោះប្រហោងយ៉ាងដូច្នោះដែរ។ ជាក់ស្ដែងដូចយើងឃើញស្រាប់ហើយ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្ដូរផ្ដាច់ទប់ទល់នឹងបញ្ហាកូវីដ-១៩ កុំឲ្យឆ្លងរាតត្បាតប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋយើងយ៉ាងណាក្ដី ក៏បញ្ហាកូវីដ-១៩ ដ៏ចង្រៃ នៅបន្ដបោកបក់មកលើប្រជាពលរដ្ឋ និងសង្គមជាតិយើងផងដែរ ដែលនេះមិនមែនត្រឹមតែជាបញ្ហារបស់ខ្មែរប៉ុណ្ណោះទេ តែវាគឺជាបញ្ហាសកលរបស់មនុស្សជាតិលើផែនដីយើងនេះ។

លោក រត្ន័ សណ្ដាប់ បន្ដថាដោយផ្ដើមចេញពីបញ្ហាទំាងអស់នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីទប់ស្កាត់កុំឲ្យមេរោគចង្រៃនេះ ឆ្លងរាលដាលមិនឈប់ឈរដល់បងប្អូនតទៅទៀត។ ដូចនេះយើងជាប្រជាពលរដ្ឋត្រូវតែចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ដើម្បីដេរផ្ជិតចន្លោះប្រហោងទំាងអស់នេះ។ ហេតុនេះចំពោះម្ជុលបានបង្ហាញឲ្យយើងឃើញ និងដឹងនូវអត្ថន័យពីរយ៉ាង គឺទីមួយ ឆន្ទ:មុតស្រួច និងទីពីរ ភាពចន្លោះប្រហោងដែលត្រូវឲ្យយើងខិតខំដោះស្រាយ និងបំពេញបន្ថែម។

ទី២៖ ឈើច្រត់ ជាការតម្រង់ផ្លូវកាយ និងផ្លូវចិត្ដ ដើម្បីឲ្យមានតុល្យភាព និងទប់កាយសម្បទាឲ្យមានលំនឹងដើរឲ្យត្រង់ផ្លូវ ទោះបីជាដើរលើកំណាត់ផ្លូវរដិបរដុប និងជួបបញ្ហាផ្សេងៗយ៉ាងណាក៏ដោយ។ មានន័យថា យើងត្រូវចេះស្ដាប់មតិយោបល់ ដើម្បីតម្រង់ផ្លូវកាយផ្លូវចិត្ដរបស់យើងឲ្យដូចជាឈើច្រត់ នំាផ្លូវយើងដើរតម្រង់ទៅរកគោលដៅដែលយើងចង់ទៅតាមសម្រួល និងប្រពៃ។

ម្យ៉ាងទៀត ឈើច្រត់ប្រៀបដូចជាសេចក្ដីស្រទ្បាញ់នៃដៃគូរជីវិត គឺការស្រទ្បាញ់គ្នារហូតដល់កាន់ឈើច្រត់ ពីគ្រួសារតូចរហូតដល់សង្គមជាតិទំាងមូល។ លើសពីនេះ ឈើច្រត់ជាអាវុធការពារខ្លួន ក៏ដូចការពារប្រទេសជាតិផងដែរ ពីព្រោះឈើច្រត់ ស្ថិតក្នុងប្រភេទក្បាច់គុនខ្មែរ គឺគុនដំបង។

បើដូច្នេះឈើច្រត់ក៏បានបង្ហាញឲ្យយើងឃើញ និងដឹងនូវអត្ថន័យពីរយ៉ាងផងដែរ គឺទីមួយ ការតម្រង់ផ្លូវកាយចិត្ដកុំឲ្យយើងវង្វេងគ្មានទិសតំបន់ និងទីពីរ អាវុធការពារខ្លួនក៏ដូចការពារប្រទេសជាតិ។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើដូច្នេះពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះគឺទេវតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី ព្រះហត្ថកាន់ម្ជុល និងឈើច្រត់ គឺប្រៀបបានទៅនឹងកញ្ចក់ឆ្លុះបញ្ចាំងនូវភាពរីកចម្រើនដ៏មហិមារបស់ប្រទេសជាតិយើង និងភាពចន្លោះប្រហោងខ្លះៗផងដែរ ហើយក៏ដូចជាការតម្រង់ទិសដៅនៃផ្លូវកាយផ្លូវចិត្តយើងម្នាក់ៗ ដើម្បីដើរតាមគន្លងផ្លូវត្រូវ គ្មានគ្រោះថ្នាក់មកប៉ះពាល់ដល់កាយ និងជីវិតរបស់យើង៕