(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកភ្លើងខៀវឲ្យសហព័ន្ធកីឡាជាតិ រៀបចំការប្រកួតជ្រើសរើសជើងឯកលក្ខណៈអន្ដរជាតិជាច្រើន នាឆ្នាំ២០២២ ដើម្បីសម្រួចអាវុធត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ដូច្នេះក្រសួងអប់រំ បានស្នើឲ្យសហព័ន្ធកីឡាជាតិ ផ្ដល់នូវកម្មវិធីប្រកួតលក្ខណៈអន្ដរជាតិរបស់ខ្លួនសម្រាប់ឆ្នាំ២០២២ តាមរយៈនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមេសានេះ។

សម្រាប់គោលដៅនៃការបើកភ្លើងខៀវរបស់ក្រសួងអប់រំខាងលើ គឺដើម្បីផ្ដល់ឱកាសឲ្យសហព័ន្ធកីឡាជាតិ បានរៀបចំការប្រកួតជ្រើសរើសជើងឯកលក្ខណៈអន្ដរជាតិ ក្នុងគោលបំណងវាស់ស្ទង់គុណផលបច្ចេកទេសកីឡាករ-កីឡាការិនី និងផ្ដល់ឱកាសដល់មន្ដ្រីអាជ្ញាកណ្ដាល ចៅក្រមបានអនុវត្តការប្រកួតផ្ទាល់ និងជាពិសេសសហព័ន្ទទទួលបានបទពិសោធក្នុងការរៀបចំធ្វើម្ចាស់ផ្ទះកម្រិតអន្ដរជាតិ ត្រៀមលក្ខណៈឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ដោយហេតុនេះ នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ បានស្នើឲ្យសហព័ន្ធកីឡាជាតិផ្ដល់កម្មវិធីប្រកួត ដែលសហព័ន្ធគ្រោងរៀបចំការប្រកួតជ្រើសរើសជើងឯកលក្ខណៈអន្ដរជាតិនានានៅប្រទេសកម្ពុជា មុនការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការសកម្មភាពផែនការថវិកា និងប្រតិទិនការងារសម្រាប់ឆ្នាំ២០២២ ដើម្បីជំរុញការអនុវត្តឲ្យបានរលូន និងទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា គ្រោងប្រកួតចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្ដែឆ្នាំ២០២២ គឺជាឆ្នាំយុទ្ធសាស្ដ្រដ៏សំខាន់សរបស់កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដោយគ្រោងរៀបចំការប្រកួតជ្រើសរើសជើងឯកអន្ដរជាតិ ឬ Pre-SEA Games ជាច្រើន ពិសេសប្រភេទកីឡាប្រពៃណី និងកីឡាមានសក្ដានុពលមួយចំនួន ដើម្បីជាការវាស់ស្ទង់សមត្ថភាព ឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ ពេលការប្រកួតផ្លូវការចូលមកដល់៕