(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ តារាសម្តែងល្បីឈ្មោះមួយរូបរបស់កម្ពុជា ជាប់ងារថា «តារាទឹកភ្នែក» នី មុន្នីនាថ បានប្រកាស ក៏ដូចជាបង្ហាញជំហរក្នុងការចូលរួមអនុវត្តន៍វិធានការ «ចូលឆ្នាំនៅផ្ទះ» ឬភាសាអង់គ្លេសថា «New Year at Home» និងអំពាវនាវឲ្យបងប្អូនខ្មែរចូលរួមអនុវត្តន៍ផងដែរ ដើម្បីកាត់ផ្តាច់ការចម្លងនិងការពារការឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ និងចូលរួមទប់ស្កាត់ជាមួយរដ្ឋាភិបាលកម្ពុជា។

តារាសម្ដែង នីមុន្នីនាថ បានថ្លែងប្រាប់ Fresh News Plus យ៉ាងដូច្នេះថា នាងបានតាមដានរាល់ព័ត៌មាន ជាពិសេសការចេញសារពិសេសរបស់រដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីណែនាំទៅប្រជាពលរដ្ឋ។ នាងសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ កូវីដ-១៩ នៅកម្ពុជាគឺមានការកើនឡើង ធ្វើឲ្យមានការព្រួយបារម្ភជាច្រើន ដូច្នេះក្នុងរូបនាងផ្ទាល់ជាអ្នកសិល្បៈ សូមអំពាវនាវដល់បងប្អូនខ្មែរ ទូទាំងប្រទេសកម្ពុជា កុំឲ្យមានការជួបជុំ កុំធ្វើដំណើរទៅកាន់ស្រុកកំណើត និងសូមនៅក្នុងផ្ទះរៀងៗខ្លួន»។

តារារូបនេះសង្កត់ធ្ងន់ថាថា «យើងរំលងមួយឆ្នាំទៅ ឆ្នាំក្រោយយើងធ្វើកម្មវិធីនឹងក៏មិនទាន់ហួសពេលដែរ ប៉ុន្តែប្រសិនបើយើងមានការផ្ទុកមេរោគកូវីដ-១៩ ឬក៏ចម្លងទៅគ្រួសារទៅគ្រួសាររបស់យើង ទៅមនុស្សជាទីស្រឡាញ់របស់យើង នឹងហើយគឺជាវិប្បដិសារី ព្រោះដោយសារជំងឺមួយនេះយើងមិនអត់ឃើញទេ...»។

តារាសម្តែង នី មុន្នីនាថ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា សូមចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានរឹងមាំ ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃជំងឺដ៏កាចសាហាវកូវីដ-១៩...ព្រោះបើគ្មានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាទេ គឺមិនអាចកាត់ផ្តាច់ការចម្លងកូវីដបានទេ។

កញ្ញា នីមុន្នីថា បាននិយាយថា «ខ្ញុំសូមអង្វរហើយអង្វរទៀត អាណិតណាស់ អាណិតបងប្អូនលោកគ្រូពេទ្យអ្នកគ្រូពេទ្យ ដែលគាត់ធ្វើការរហូតសឹងតែ២៤ម៉ោង អត់មានពេលសម្រាក ហើយសូម្បីតែសម្លៀកបំពាក់របស់គាត់ក៏អត់ងាយស្រួលដូចយើងដែរ គឺហប់ណាស់ អ៊ីចឹងសូមបងប្អូនមេត្តាចូលរួមប្រយុទ្ធ ការពារទាំងអស់គ្នា ដើម្បីប្រទេសជាតិយើង ដើម្បីគ្រួសារយើង និងដើម្បីខ្លួនយើង...»។

គួរជម្រាបថា ថ្មីៗនេះគេសង្កេតឃើញថាសិល្បករ-សិល្បការិនី នៅក្នុងមជ្ឈដ្ឋានសិល្បៈ គឺបាននាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ផងដែរ ក្នុងនោះមានដូចជា តារាចម្រៀងស្រីលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ, តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត, កញ្ញា នី មុន្នីនាថ, កញ្ញា រតនៈ ពិសី, តារាចម្រៀង សាន ផានិត និងតារាជាច្រើនទៀតផងដែរ។ តែយ៉ាងណា គ្រប់សិល្បៈទាំងអស់ ត្បិតបានទទួលវ៉ាក់សាំងហើយក្តី តែពួកគេនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩៕