(ក្រុងឡុងដ៍)៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup របស់អង់គ្លេសរដូវកាលនេះ អាចនឹងមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ប្រមាណ ២,០០០នាក់ប៉ុណ្ណោះ បើធៀបទៅរដូវកាលមុនមានរហូតដល់ទៅ ៨ម៉ឺននាក់ជាង ដែលនេះក៏ដោយសារវិបត្តិ COVID-19។

ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខាងមុខនៅកីឡដ្ឋាន Wembley ក្រុមអ្នកគាំទ្រត្រូវបានអនុញ្ញាតចូលរួមទស្សនាប្រមាណ ២,០០០នាក់ប៉ុណ្ណោះ ក្នុងនោះក៏បានសម្រេចហាមឃាត់មិនឲ្យលក់សំបុត្រចំពោះអ្នកគាំទ្រដែលមានអាយុក្រោម ១៨ឆ្នាំ ជាមួយនឹងស្ត្រីមានផ្ទៃពោះ ដែលជាអ្នកងាយរងគ្រោះបំផុតដែរ។

គួររំលឹកផងថា សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ League Cup ឬ Carabao Cup កាលពីរដូវកាលមុន មានក្រុមអ្នកគាំទ្រទស្សនាប្រមាណ ៨២,១៤៥នាក់នៃទំហំផ្ទុកសរុបរបស់កីឡដ្ឋាន Wembley រវាង Man City ដែលបានយកឈ្នះ Aston Villa ២-១ សម្រេចការលើកពាននេះបានចំនួន ៧សម័យកាលរបស់ក្លិបមេឃខៀវ ខណៈការប្រកួតរដូវកាលនេះត្រូវជួប Tottenham Hotspur នៅថ្ងៃទី២៥ ខែមេសាខាងមុខ៕