(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បី ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ១៥០០កេស ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំងនៅកម្ពុជា។ ការប្រគល់ បានធ្វើឡើងកាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២១។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «គ្រប់ស្ថាប័នទាំងអស់មានភាពនឿយហត់ខ្លាំងណាស់ ព្រោះត្រូវប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លានឹងជំងឺកូវីដ-១៩។ ក្រុមហ៊ុនសង្ឃឹមថា ការចូលរួមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា នាពេលនេះ នឹងជួយផ្តល់ជាកម្លាំងកាយចិត្តដល់គ្រប់ស្ថាប័ន ដែលកំពុងបំពេញបេសកកម្មប្រឆាំងនឹងកូវីដ-១៩»

តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កន្លងមក បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជាង១ម៉ឺនកេសរួចមកហើយ ហើយនឹងបន្តផ្តល់ដល់ស្ថាប័ននានាបន្ថែមទៀតនាពេលខាងមុខ៕