(លីវើភូល)៖ អ្នកចាត់ការទូទៅ Jurgen Klopp បានទទួលរងនូវពាក្យរិះគន់ជាខ្លាំង ក្រោយពេលហង្សក្រហម Liverpool ធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមស្នាដៃរបស់គូប្រជែងចាស់ អធិរាជស Real Madrid។

Liverpool មិនអាចរកបានសូម្បី ១គ្រាប់ឡើយពីការប្រកួតជើងទី២ ក្នុងទឹកដីនៃកីឡដ្ឋាន Anfield របស់ខ្លួននារាត្រីថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ ដ្បិតពួកគេបានចាញ់ ៣-១ កាលពីជើងទី១ នៅទឹកដីអេស្ប៉ាញក្នុងកីឡដ្ឋាន Alfredo di Stefano។

អ្នកគាំទ្រទាំងឡាយបានចោទជាសំណួរជាច្រើនទៅកាន់ Jurgen Klopp អំពីទម្រង់លេងរបស់ក្រុមធ្លាក់ជាខ្លាំង នៅពេលកីឡាករស្ទើរតែទាំងអស់ក្នុងប្រកួតស្មើ ០-០ យប់មិញនេះទល់នឹងក្រុមភ្ញៀវ Real Madrid សុទ្ធតែបានប្រើក្នុងប្រកួតផ្តាច់ព្រ័ត្រកាលប៉ះ Real Madrid ក្នុងឆ្នាំ២០១៨ នៃទីក្រុង Kyiv ប្រទេសអ៊ុយក្រែន។

មួយវិញទៀត Liverpool មានសុទ្ធសឹងកីឡាករលំដាប់ពិភពលោកលំដាប់កំពូល និងថ្លៃៗជាងគេផងដែរ តែរដូវកាលនេះ ពួកគេហាក់ដូចជាត្រដាបត្រដួសក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ Premier League ដើម្បីបានលេងនៅ UEFA Champions League រដូវកាលក្រោយទៀត៕