(លីវើភូល)៖ រថយន្តក្រុងដែលត្រូវបានប្រើ ដើម្បីដឹកថ្នាក់ដឹកនាំ និងក្រុមកីឡាករ Real Madrid ចេញពីសណ្ឋាគារមកទីលានប្រកួតនោះ បានរងការវាយប្រហារគប់បែកកញ្ចក់នៅពេលចតទុកមុខកីឡដ្ឋាន Anfield ក្នុងប្រកួតពានអឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១។

មុនការប្រកួតមកដល់ នៅតាមផ្លូវ Anfield Road ត្រូវបានអាជ្ញាធរដាក់ពង្រាយក្រុមប៉ូលិសប្រមាណ ៤០០នាក់ដើម្បីយាមកាម ដ្បិតអ្នកគាំទ្រខាង Liverpool តែងតែបង្កភាពអនាធិបតេយ្យនៅពេលមានប្រកួតធំៗកើតឡើង ក្នុងនោះក៏រួមបញ្ចូលទាំងការប្រកួតក្នុងលីគ Premier League របស់អង់គ្លេសថែមទៀតផង ជាពិសេសពេល Liverpool ប៉ះក្រុមខ្លាំង Manchester City តែម្តង។

អ្នកនាំពាក្យក្រុម Liverpool ១រូបបានថ្លែងប្រាប់ BBC ទាំងហួសចិត្តថា «ពួកយើងពិតជាសោកស្តាយខ្លាំងណាស់ដែលអ្នកគាំទ្រប្រព្រឹត្តទង្វើបែបនេះក្នុងនាមជាក្រុមម្ចាស់ផ្ទះ។ វាជាទង្វើដែលមិនអាចទទួលយកបានឡើយ។ យើងពិតជាខ្មាសអៀនខ្លាំងណាស់ចំពោះ Real Madrid និងអ្នកគាំទ្ររបស់ពួកគេ និងសន្យាថា នឹងចាប់ជនដៃដល់មកទទួលខុសត្រូវឲ្យទាន់តែបាន»

នៅចាំបានថា កាលពីឆ្នាំ២០១៨ កន្លងទៅ Liverpool ត្រូវបាន FA ពិន័យជិត ២០០០០ផោនដោយសារតែទង្វើរបស់អ្នកគាំទ្របំផ្លិចបំផ្លាញរថយន្តក្រុងដឺកក្រុមកីឡាករ Manchester City ពេលប្រកួតជើងទី១ នៃពានអឺរ៉ុបនេះដូចគ្នានៅកីឡដ្ឋាន Anfield៕