(អាមេរិក)៖ កាលពីឆ្នាំ២០២០ រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំបានធ្វើបាបក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ Tiktok ខណៈដែលរដ្ឋាភិបាលឥណ្ឌាក៏បានហាមឃាត់ការប្រើប្រាស់ Tiktok ផងដែរ។ តែសម្ពាធទាំងពីរនេះ មិនបានរារាំងលោក Zhang Yiming ឲ្យក្លាយជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោកឡើយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg Billionaires Index បានឲ្យដឹងថា នៅពេលនេះ ទ្រព្យសម្បត្តិរបស់លោក Zhang Yiming បានកើនឡើងរហូតដល់ ៦០ពាន់លានដុល្លារអាមេរិក ពោលគឺក្លាយជាមហាសេដ្ឋីលំដាប់កំពូលមួយរូបដែលមានទ្រព្យសម្បត្តិប្រហាក់ប្រហែលនឹងកំពូលមហាសេដ្ឋីកំពូលៗនៅក្នុងស្រុកចិន និងប្រហាក់ប្រហែលនឹងកំពូលមហាសេដ្ឋីត្រកូល Walton និង Koch របស់សហរដ្ឋអាមេរិក។

ការកើនឡើងនូវទ្រព្យសម្បត្តិរបស់លោក Yiming ត្រូវបានគេដឹងថា ដោយសារតែការកើនឡើងនូវតម្លៃហ៊ុនរបស់ក្រុមហ៊ុន ByteDance តាមរយៈប្រជាប្រិយភាពកម្មវិធី Tiktok ដែលមានទឹកប្រាក់រហូតដល់ ២៥០ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ សារព័ត៌មាន South China Morning Post បានចេញផ្សាយថា តម្លៃក្រុមហ៊ុន ByteDance បានកើនឡើងដល់ ៤០០ពាន់លានដុល្លារអាមេរិក ដោយសារតែទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិន និងមានការបណ្ដាក់ទុនវិនិយោគបន្ថែមពីក្រុមហ៊ុនវិនិយោគិន៕