(អាមេរិក)៖ គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់បានប្រកាសឲ្យដឹងថា ខ្លួនបានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Facebook បន្ទាប់ពីបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ប្រមាណ ៥៣៣លាននាក់នៅជុំវិញពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Facebook បានផ្តល់នូវព័ត៌មានមួយចំនួនទាក់ទងនឹងការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ខាងលើ ប៉ុន្តែបើតាមការពិនិត្យគឺ Facebook បានខុសចំពោះច្បាប់ដែលបានចែង។

គណៈកម្មការការពារទិន្នន័យបានលើកឡើងថា Facebook បានល្មើសបទប្បញ្ញត្តិរបស់សហភាពអ៊ឺរ៉ុប និងល្មើសច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់ដែលចេញកាលពីឆ្នាំ២០១៨។

អ្នកនាំពាក្យរបស់ Facebook បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុនកំពុងតែសហការជាមួយរដ្ឋាភិបាលអៀរឡង់ដើម្បីសម្រួលលើការស៊ើបអង្កេតនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ប្រមាណ ៥៣៣លាននាក់ ត្រូវបានបែកធ្លាយជាសាធារណៈ ប៉ុន្តែខាង Facebook បញ្ជាក់ថា វាជាទិន្នន័យចាស់៕