(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេស ពេជ្រ សោភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បានប្តូររូបភាពក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្នុងឈុតប្រពៃណីខ្មែរ ជាមួយការពាក់ម៉ាស់ ជាសញ្ញាបង្ហាញថា នាងបានលើកទឹកចិត្តដល់មិត្តក្នុងបណ្តាញសង្គម ក៏ដូចជាបងប្អូនខ្មែរ ឲ្យពាក់ម៉ាស និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩នេះ។

ភ្ជាប់ជាមួយរូបភាពពាក់ម៉ាសនោះ ពេជ្រ សោភា បានសរសេរសារយ៉ាងដូច្នេះថា «Covid-19 អាចនឹងស្ងប់ស្ងាត់ ផ្តើមចេញពីការការពាររបស់ពួកយើង និងការរួមសហការពីគ្រួសាររបស់ពួកយើង។ ហើយក្នុងប្រទេសកម្ពុជាក៏ត្រូវការ ការសហការពីប្រជាពលរដ្ឋ ទូទាំងប្រទេសដូចគ្នា។ ផ្តាច់ការជួបជុំគ្នាពេលខ្លី ប្រសើរជាងខានជួបគ្នាមួយជីវិត។ ចូលរួមអនុវត្តន៍ វិធានការ ៣កុំ ៣ ការពារ»

ជាការពិត ក្នុងកាលៈទេសៈនៃការរាតត្បាតនូវជំងឺដ៏កាចសាហាវកូវីដ-១៩ ក្នុងសហគមន៍កម្ពុជានេះ គេសង្កេតឃើញថា អ្នកក្នុងមជ្ឈដ្ឋានសិល្បៈ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង បានចេញមកអំពាវនាវ និងផ្ញើរឲ្យ ដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួន និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់។

ការអំពាវនាវរបស់សិល្បករ-សិល្បការិនី ទាំងអស់នោះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការជះឥទ្ធិលការយល់ដឹងពីវិធានការសុខាភិបាលដល់អ្នកលេងបណ្តាញសង្គម និងប្រជាពលរដ្ឋទូទៅ៕