(ភ្នំពេញ)៖ ដំណឹងទទួលមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ ជារដ្ឋលេខាធិកា ក្រសួងព័ត៌មាន និងជាបុគ្គលឆ្នើមជើងចាស់មួយរូប ក្នុងវិស័យសិល្បៈទី៧ គឺបានធ្វើឲ្យមនុស្សមិនតិចនាក់នោះទេ មានការសោកស្តាយជាពន់ពេក ព្រោះលោកគឺជាចាស់ព្រឹទ្ធាចារ្យមួយរូប ដែលសិល្បករគ្រប់រូប នាសម័យបច្ចុប្បន្នគោរព និងកោតសរសើរ។
ទន្ទឹមគ្នានេះ បន្ទាប់ពីបានទទួលនូវដំណឹងមរណភាពរបស់លោក ម៉ៅ អាយុទ្ធ ភ្លាម គេសង្កេតឃើញថាទាំងមហាជនទូទៅ ទាំងអ្នករួមការងារជាមួយលោក ជាពិសេសគឺអ្នកក្នុងមជ្ឈដ្ឋានសិល្បៈ បានបញ្ចេញសាររំលែកទុក្ខពេញបណ្តាញសង្គម ត្បិតការបាត់បង់រូបលោក ប្រៀបបាននឹងការបាត់បង់បុគ្គលឆ្នើម ដ៏មានទឹកដៃមួយរូប នៅក្នុងពិភពសិល្បៈភាពយន្ត ដែលសិល្បៈជំនាន់ក្រោយៗ គោរពស្ងប់ស្ញែង។
លោក ម៉ៅ អាយុទ្ធ ត្រូវបានអ្នកសិល្បៈសម័យបច្ចុប្បន្ន ចាត់ទុកថា ជាគ្រូ ជាចាស់ព្រឹទ្ធាចារ្យផ្នែកសិល្បៈ មួយរូប ព្រោះលោកបានបណ្តុះដល់អ្នកបន្តវេនយ៉ាងច្រើនលើសលប់នៅក្នុងវិស័យសិល្បៈទី៧។ លោកជា អ្នកនិពន្ធខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញមួយរូបក្នុងចំណោមអ្នកនិពន្ធខ្សែភាពយន្តជើងខ្លាំងដទៃទៀត នៅក្នុងវិស័យសិល្បៈខ្មែរ។
សុភាសិត ដែលពោលថា «ទូកទៅ កំពង់នៅ» នៅពេលនេះ គឺមិនខុសនោះទេ ត្បិតលោក ម៉ៅ អាយុទ្ធ បានលាចាកលោកនេះ ទៅកាន់លោកខាងមុខក្តី តែស្នាដៃរបស់លោក នៅតែត្រូវបានមហាជនខ្មែរចងចាំមិនភ្លេចនោះឡើយ ។ ស្នាដៃដែលទស្សនិកជនខ្មែរ ក៏ដូចជាអ្នកសិល្បៈជាច្រើនចងចាំមិនភ្លេច គឺភាពយន្តសំខាន់ៗ រឿង «បិទភ្នែកហែកទ្រូង», រឿង «ចិត្តចងចាំ»,រឿង «ជើងមេឃដាច់ស្រយាល», រឿង «ឆ្អឹងអណ្តែត», រឿង «សម្តីចុងក្រោយ», រឿង «នេសាទក្រពើ», រឿង «ហ្លួងព្រះស្តេចកន» និងរឿងល្បីៗផ្សេងទៀត។
អ្នកនិពន្ធចម្រៀងល្បី លោក យឹម តាស្រង់ បានសរសេរសារថា «ជួបលោកគ្រូលើកចុងក្រោយប្រហែល៦ខែមុន នៅហាងជប៉ុនមួយក្នុងផ្សារ អុីអន២ ថ្ងៃនោះបានជជែកជាមួយលោកគ្រូរឿង មួយចំនួនប្រហែល១០នាទីដែរក៏លាគ្នាទៅ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ»។ អ្នកនិពន្ធល្បីមួយរូបទៀត គឺលោក សុខ ជំនោរ បានសរសេរសារដែរថា «ទីបំផុត អ៊ំបានទៅឆ្ងាយហើយ ជាគ្រូដែលចែកចាយចំណេះដឹងមិនអស់មិនរីងស្ងួតទៅគ្រប់មនុស្សដែលចង់ចេះចង់ដឹង សូមវិញ្ញាណក្ខន្ធអ៊ុ បានទៅកាន់សុគតិភព»។
ងាកមកពិធីការិនីលំដាប់ល្បីឈ្មោះ កែវ ចាន់និមល បានសរសេរសារដែរថា «លោកអ៊ុ ម៉ៅ អាយុទ្ធ ជាបុគ្គលដែលចង់ឲ្យសិល្បៈខ្មែរឆ្ពោះទៅមុខ លោកអ៊ុតែងតែប្រៀនប្រដៅក្មួយៗគ្រប់ជំនាន់ពីចំណេះនិងជំនាញ ការចាកចេញរបស់លោកអ៊ុគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ក្នុងសិល្បៈសូមវិញ្ញាណក្ខន្ធលោកអ៊ុទៅកាន់សុខគតិភពទេពកោសល្យនិងស្នាដៃ ព្រមទាំងចំណេះដែលលោកអ៊ុបានបង្រៀនក្មួយៗ យើងខ្ញ៉ំមិនអាចបំភ្លេចបានឡើយ»។
តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសរសេរសារដែរថា «សូមចូលរួមសោកស្តាយ និង រំលែកទុក្ខ ចំពោះមរណៈភាពរបស់លោកអ៊ុ ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មានបានទទួលមរណៈភាពនៅម៉ោង ០៦:៣០ ល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ នៅមន្ទីរពេទ្មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជម្ងឺកូវីដ-១៩សូមវិញ្ញាណនក្ខន្ធលោកអ៊ុបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត»។
ក្រៅពីតារាខាងលើ គឺនៅមានសិល្បករ-សិល្បការិនីល្បីៗជាច្រើនទៀត បានបង្ហោះសារជាបន្តបន្ទាប់ សម្តែងពីការសោកស្តាយលោក ម៉ៅ អាយុទ្ធ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។
សូមបញ្ជាក់ថា លោក ម៉ៅ អាយុទ្ធ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលមរណភាពនៅវេលា ម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕