(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើង Arsenal និងបិសាចក្រហម Manchester United របស់អង់គ្លេសបានធ្វើដំណើរឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ជាបន្តទៀត ក្រោយទម្លាក់គូប្រជែង Slavia Prague និង Granada បញ្ចប់ជើងទី២ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។

Arsenal ដែលដឹកនាំដោយលោក Mikel Arteta បានបំបាក់ម្ចាស់ផ្ទះ Slavia Prague ក្នុងលទ្ធផល ៤-០ នៅទឹកដីសាធារណរដ្ឋឆេក ដ្បិតពួកគេលេងត្រឹមស្មើគ្នា ១-១ កាលពីជើងទី១ នៅទឹកដីកីឡដ្ឋាន Emirates ដើម្បីមានឱកាសឡើងទៅប្រជែងពានលំដាប់ទី២ អឺរ៉ុបជាបន្តទៀត ស្របពេលពួកគេពុំទាន់ឈ្នះពានម្តងណាឡើយ។

សម្រាប់ឯបិសាចក្រហមដែលធ្លាប់ឈ្នះពាន Europa League ម្តងកាលឆ្នាំ២០១៧ នោះ ក៏បានបន្ថែមជ័យជម្នះ ២-០ ក្នុងជើងទី២ នៅទឹកដី Old Trafford ទៀត នៅពេលពួកគេបានយកឈ្នះក្នុងលទ្ធផលនេះដូចគ្នាកាលពីជើងទី១ នៅទឹកដីអេស្ប៉ាញទៅលើក្រុម Granada ដែលលេងនៅក្របខណ្ឌលីគកំពូល La Liga។

សម្រាប់វគ្គ ៤ក្រុមចុងក្រោយ Arsenal ត្រូវប៉ះក្រុមអេស្ប៉ាញ Villarreal គ្រាដែល Manchester United ត្រូវប៉ះ AS Roma របស់អ៉ីតាលី ដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្រាប់ជើងទី១៕