(អាមេរិក)៖ ក្រុមអ្នកតស៊ូមតិបានជំរុញឲ្យលោក Mark Zuckerberg មេធំរបស់ Facebook កុំបង្កើតកម្មវិធី Instagram សម្រាប់ក្មេងក្រោមអាយុ ១៣ឆ្នាំអី ព្រោះវានឹងបង្កើតនូវហានិភ័យដ៏ធំជាក់ជាមោនខាន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកតស៊ូមតិមួយដែលមានឈ្មោះថា យុទ្ធនាការដើម្បីកុមារដែលគ្មានពាណិជ្ជកម្ម បានផ្ញើលិខិតទៅកាន់លោក Mark Zuckerberg ដោយបានសរសេរ និងស្នើសុំកុំឲ្យលោកបង្កើតកម្មវិធី Instagram សម្រាប់កុមារ (ក្រោមអាយុ១៣ឆ្នាំ) ។

នៅក្នុងលិខិតបានបញ្ជាក់ថា បច្ចុប្បន្ននៅលើបណ្ដាញសង្គមគឺពោរពេញដោយការតភ្ជាប់នូវទំនាក់ទំនង ប៉ុន្តែក៏ពោរពេញដោយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនសមរម្យសម្រាប់កុមារផងដែរ ហើយព័ត៌មានទាំងនោះ បាននិងកំពុងតែសាយភាយពាសពេញពិភពលោក ដូច្នេះ បើសិនជាវាបានធ្លាក់មកដល់ដៃកុមារនោះ នឹងនាំឲ្យពួកគេអាចប្រឈមមុខនឹងបញ្ហាជាច្រើន ព្រោះការគិត និងសម្រេចចិត្តរបស់ពួកគេនៅមានកម្រិត។

ចំណែកកម្មវិធី Instagram ជាបណ្ដាញសង្គមមួយដោយពោរពេញដោយការបង្ហោះរូបភាព និងវីដេអូ ដែលវាជាហេតុធ្វើឲ្យកុមារឆាប់ទទួលយកបាននូវរាល់សកម្មភាពដែលបានបង្ហោះ ដូច្នេះក្រុមអ្នកតស៊ូមតិខាងលើស្នើសុំឲ្យលោក Mark Zuckerberg ពិចារណាឡើងវិញ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ នៅមិនទាន់មានការឆ្លើយតបពីខាង Facebook នៅឡើយទេ ខណៈដែលគម្រោងបង្កើតកម្មវិធី Instagram សម្រាប់កុមារនេះ អាចកំពុងស្ថិតក្នុងក្នុងដំណាក់កាលផលិតក៏ថាបាន៕