(ប៊ែកឡាំង)៖ កីឡាករ និងបុគ្គលិកនៃក្លិបបាល់ទាត់ Hertha Berlin ទាំងអស់ត្រូវបានបញ្ជូនឲ្យរស់នៅដាច់ដោយឡែកពីគេរយៈពេល ១៣ថ្ងៃ បន្ទាប់ពីគ្រូបង្វឹក Pal Dardai ជំនួយការគ្រូបង្វឹក Admir Hamzagic និងកីឡាករខ្សែប្រយុទ្ធ Dodi Lukebakio រកឃើញវិជ្ជមាន COVID-19។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

នាយកផ្នែកកីឡាក្លិបអាល្លឺម៉ង់ដែលលេងនៅក្របខណ្ឌ Bundesliga ខាងលើនេះ លោក Arne Friedrich ដែលមានអាជ្ញាប័ណ្ណគ្រូបង្វឹកដែរនោះ នឹងបំពេញតួនាទីជាគ្រូបង្វឹកជាបណ្តោះអាសន្ន នៅពេលក្រុមកីឡាករដែលកំពុងរស់នៅដាច់ដោយឡែកពីគេជាមួយគ្នានោះ ទៅលើមូលដ្ឋានប្រកួត និងហ្វឹកហាត់។

លោក Friedrich បានលើកឡើងថា «យើងត្រូវបានគេបង្ខំឲ្យរស់នៅដាច់ដោយឡែកពីគេ ដោយសារមានករណីវិជ្ជមាន។ យើងនឹងកំណត់ការទំនាក់ទំនង ហើយត្រូវធ្វើតេស្តរកវីរ៉ុសជាប្រចាំថ្ងៃ ដើម្បីមានសុវត្ថិភាពឡើងវិញ»

ក្លិប Hertha បានកំពុងឈរនៅលេខរៀងទី១៥ ដោយមាន ២៦ពិន្ទុ ហើយកំពុងប្រឈមនឹងបញ្ហាយ៉ាងខ្លាំងជាមួយនឹងការប្រកួតចំនួន ៦លើកទៀត ដែលនៅសេសសល់ក្នុងរដូវកាលនេះ ដែលត្រូវធ្វើដំណើរទៅជួបក្រុម Mainz 05 នៅថ្ងៃអាទិត្យខានស្អែកនេះដែរ៕