(ឥណ្ឌូណេស៉ី)៖ ចាប់ពីដើមសតវត្សរ៍ទី១៦ ប្រទេសឥណ្ឌូណេស៉ីក៏ធ្លាប់ស្ថិតនៅក្រោមនឹមអាណានិគមរបស់ពួកចក្រពត្តិអឺរ៉ុប និងចក្រពត្តិជប៉ុនផងដែរ រហូតដល់គ្រិស្ដសករាជ ១៩៤៩ ទើបបងធំអាស៉ីអាគ្នេយ៍មួយនេះទទួលបានឯករាជ្យជាផ្លូវការពីព្រះរាជាណាចក្រហូឡង់វិញ។
ខាងក្រោមនេះ ជាអត្ថបទភាគទី៨ ដែលរៀបរាប់អំពីព្រឹត្តិការណ៍អាណានិគមនៅប្រទេសឥណ្ឌូណេស៉ី៖
នៅគ្រិស្ដសករាជ ១៥១១ នាវិកជនជាតិព័រទុយហ្កាល់ម្នាក់មានឈ្មោះ អាហ្វូសូ ដឺ អាល់ប៊ូឃែរឃី (Afonso de Albuquerque) បានធ្វើដំណើរចេញពីប្រទេសឥណ្ឌាមកដល់ប្រទេសឥណ្ឌូណេស៊ីលើកដំបូង ដែលកាលណោះមានឈ្មោះថា នគរម៉ាចាប៉ាហ៉ិត (Majapahit Empire)។ ក្រោយមក ដឺ អាល់ប៊ូឃែរឃី ក៏បានក្លាយជាទេសាភិបាលព័រទុយហ្កាល់គ្រប់គ្រងលើនគរម៉ាចាប៉ាហ៉ិតនេះតែម្ដង។
ក្នុងពេលត្រួតត្រាលើនគរម៉ាចាប៉ាហ៉ិតនោះ ព័រទុយហ្កាល់បានបន្តកាន់កាប់ទីប្រជុំកោះដទៃទៀតនៅជុំវិញតំបន់នោះ មានដូចជាអាណាចក្រម៉ាឡាកា (Kingdom of Malacca) និងច្រកម៉ាឡាកា (Malacca Strait) ច្រកស៊ុនដា (Sunda Strait) កោះស៊ូម៉ាត្រា (Sumatra) កោះបរនេអូ (Borneo) កោះជ្វា (Java) ប្រជុំកោះមូលុក (Maluku) ជាដើម ដោយពួកគេបាននាំយកគ្រឿងទេសជាច្រើនទៅលក់នៅទ្វីបអឺរ៉ុប។
ខណៈដែលព្រះរាជាណាចក្រហូឡង់កំពុងពង្រីកអំណាចកាន់តែខ្លាំងឡើងៗនោះ នៅគ្រិស្ដសករាជ ១៦០២ ជនជាតិហូឡង់បានបង្កើតក្រុមហ៊ុន United Dutch East India ដើម្បីគ្រប់គ្រងផ្លូវធ្វើដំណើរទៅកាន់អាស៊ី។ ក្រុមហ៊ុននេះបានមកដល់ប្រជុំកោះឥណ្ឌូណេស៉ីជាលើកដំបូង តាមរយៈការធ្វើពាណិជ្ជកម្មជាមួយរដ្ឋនានាតាមតំបន់ឆ្នេរ។ នៅគ្រិស្ដសករាជ ១៦១៩ ក្រុមហ៊ុន United Dutch East India ក៏បានសម្រេចនូវវត្ថុបំណងរបស់ខ្លួន ដោយបានចូលកាន់កាប់តំបន់កំពង់ផែជំនួសព័រទុយហ្កាល់បានស្ទើរតែទាំងស្រុង ពិសេសបានធ្វើជំនួញដោយផ្តាច់មុខនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាជំនួសពួកព័រទុយហ្កាល់វិញ។
ក្រោមការគ្រប់គ្រងរបស់ពួកហូឡង់ គេឃើញថា វិស័យសេដ្ឋកិច្ចនៅកោះស៊ូម៉ាត្រា ក្នុងរយៈពេលជាង ៣០ ឆ្នាំដំបូង មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ស៊ូម៉ាត្រាក្លាយជាងអ្នកផ្គត់ផ្គង់ថ្នាំជក់ដ៏ធំបំផុត និងមានគុណភាពល្អដាច់គេនៅក្នុងចំណោមប្រទេសផ្គត់ផ្គត់ថ្នាំជក់ដទៃ។ ក្រោយរកឃើញកំណប់ប្រេងដោយពួកហូឡង់មកនោះ កោះស៊ូម៉ាត្រាក៏បានក្លាយជាប្រភពប្រេងដ៏សំខាន់របស់ក្រុមប្រេងហូឡង់។
ក្នុងពេលដែលអង់គ្លេសចូលមកដល់អាស៉ីអាគ្នេយ៍នោះ នៅឆ្នាំគ្រិស្ដសករាជ ១៨១១ ក្រុមហ៊ុនឥណ្ឌាបូព៌ារបស់អង់គ្លេស (British East India Company) បានគ្រប់គ្រងកោះជ្វារបស់ឥណ្ឌូណេស៉ីទាំងស្រុង ហើយបានតែងតាំងទេសាភិបាលម្នាក់ឈ្មោះ ថូម៉ាស ស្តេមហ្វត រ៉ាហ្វហ្វល (Sir Thomas Stemford Bingley Raffles) ឱ្យមកគ្រប់គ្រងតំបន់កោះជ្វារួមជាមួយអាណាចក្រម៉ាឡាកា។
ក្រោយមក ទេសាភិបាល រ៉ាហ្វហ្វល បានសហការគ្នាជាមួយព្រះចៅស៊ុលតង់នៃរដ្ឋប៉ាឡេមបាំង (Palembang) ដើម្បីបណ្តេញពួកហូឡង់ចេញពីកោះជ្វា និងបង្ខំឱ្យស៊ុលតង់ប៉ាឡេមបាំងព្រមស្ថិតនៅក្រោមអាណាព្យាបាលអង់គ្លេសថែមទៀត។ អង់គ្លេសចូលមកបានផ្លាស់ប្តូរសង្គម និងធ្វើឱ្យជីវភាពរស់នៅរបស់ជនជាតិជ្វាកាន់តែល្អប្រសើរជាច្រើន ដូចជា ឈប់ឱ្យមានវណ្ណៈទាសករ ឈប់ឱ្យលេងល្បែងស៊ីសង និងជួយផ្នែកវេជ្ជសាស្ត្រ ដូចជា កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺអ៊ុតតូចជាដើម។ ប៉ុន្តែមិនបានប៉ុន្មាន អង់គ្លេសក៏ប្រគល់កោះជ្វាឱ្យទៅហូឡង់វិញ តាមរយៈសន្ធិសញ្ញាសន្តិភាពមួយ។
ចំណែកឯអាណានិគមជប៉ុនបានចូលមកត្រួតត្រាឥណ្ឌូណេស៊ីក្នុងខែមីនា គ្រិស្ដសករាជ ១៩៤២។ ពេលមកដល់ដំបូង ជប៉ុនបានទទួលស្វាគមន៍ពីសំណាក់ប្រជាជនឥណ្ឌូណេស៊ី ដោយពួកគេបានទទួលឯករាជ្យពីហូឡង់ ថែមទាំងជក់ចិត្តយ៉ាងខ្លាំងនឹងពាក្យស្លោករបស់ជប៉ុនដែលថា «ជប៉ុនគឺជាពន្លឺរស្មីនៃអាស៊ី»។ មិនយូរប៉ុន្មាន ប្រជាជនឥណ្ឌូណេស៊ីសិក្សាស្វែងយល់ឃើញថា ពួកគេជាអ្នករងគ្រោះពីការគំរាមកំហែង ប្រមាថមាក់ងាយបំផុតពីពួកជប៉ុនទៅវិញ។ ទោះជាយ៉ាងនេះក្តី ក៏គោលនយោបាយគ្រប់គ្រងរបស់ជប៉ុនបានផ្តល់ផលចំណេញក្នុងរយៈពេលវែងដល់ឥណ្ឌូណេស៊ីដែរ។ ជប៉ុនបានប្រមូលផ្តុំយុវជនឥណ្ឌូណេស៊ី ផ្តល់ការហ្វឹកហ្វឺនផ្នែកយោធា ដើម្បីជួយច្បាំងជប៉ុនទប់ទល់នឹងការត្រួតត្រាជាថ្មីពីកម្លាំងហូឡង់ នៅចន្លោះគ្រិស្ដសករាជ ១៩៤៥-១៩៤៩។ ជប៉ុនបានដោះលែងមេដឹកនាំអ្នកជាតិនិយមពីពន្ធនាគារ រួមទាំង ស៊ូ ការណូ (Sukarno) ផងដែរ ក្នុងលក្ខខណ្ឌគាំទ្រកិច្ចការសង្គ្រាម។
ក្រោយសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូ ២ គ្រាប់ទៅលើប្រទេសជប៉ុន សង្គ្រាមនៅតំបន់ប៉ាស៉ីហ្វិកក៏ត្រូវបញ្ចប់ រីឯលោក ស៊ូ ការណូ និងមេដឹកនាំជាតិនិយមជាច្រើននាក់ក៏បានប្រកាសឯករាជ្យជាឯកតោភាគី។ ដូច្នេះសាធារណរដ្ឋឥណ្ឌូណេស៊ី ក៏បានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៧ ខែសីហា គ្រិស្ដសករាជ ១៩៤៥។ ប៉ុន្តែព្រះរាជាណាចក្រហូឡង់បានច្រានចោលការប្រកាសឯករាជ្យនេះ ដោយអះអាងថាខ្លួននៅតែមានសិទ្ធិគ្រប់គ្រងឥណ្ឌូណេស៉ីដោយភាពស្របច្បាប់។ ហូឡង់បានចាប់ផ្តើមដំណើរការគ្រប់គ្រងឥណ្ឌូណេស៊ីជាថ្មី នាពាក់កណ្តាលគ្រិស្ដសករាជ ១៩៤៦។ នៅខែធ្នូ គ្រិស្ដសករាជ ១៩៤៩ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើងជាចុងក្រោយរវាងសាធារណរដ្ឋឥណ្ឌូណេស៊ី និងព្រះរាជាណាចក្រនែតដឺរលែន (ហូឡង់) ដែលជាការបញ្ចប់សង្គ្រាម និងបញ្ចប់អាណានិគមហូឡង់មកលើឥណ្ឌូណេស៉ី៕
ភាគទី១៖ សូមចុចត្រង់នេះ
ភាគទី២៖ សូមចុចត្រង់នេះ
ភាគទី៣៖ សូមចុចត្រង់នេះ
ភាគទី៤៖ សូមចុចត្រង់នេះ
ភាគទី៥៖ សូមចុចត្រង់នេះ
ភាគទី៦៖ សូមចុចត្រង់នេះ
ភាគទី៧៖ សូមចុចត្រង់នេះ