(ម៉ាឌ្រីដ)៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានលើកពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa De Rey ជាលើកទី៣១ នៃប្រវត្តិសាស្រ្តរបស់ក្លិបក្នុងសម័យវិបត្តិ COVID-19 ខណៈដែលខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបាន ២គ្រាប់ម្នាក់ឯងក្នុងជំនួបបិទទ្វារដោយបានយកឈ្នះគូប្រជែង Athletic Bilbao ៤-០។

ការប្រកួតបានចាប់ផ្តើមឡើងយ៉ាងស្វិតស្វាញដោយរកមិនបានគ្រាប់បាល់នោះទេក្នុងវគ្គទី១ នៃក្រុមទាំងពីរ ដោយបន្តរហូតឈានដល់ការប្រកួតតង់ទី២ ទើបអាចរកបានគ្រាប់បាល់នៅនាទី៦០ ពីការស៊ុតរបស់ខ្សែប្រយុទ្ធ Antoine Griezmann ឲ្យក្រុមរហស្សនាម «អ្នកមានបុណ្យ» Barcelona នាំមុខគូប្រជែង នៅមុនពេលមិត្តរួមក្រុម Frenkie De Jong រកបានគ្រាប់ទី២ នៅនាទី៦៣ រួមជាមួយការស៊ុតបាន ២គ្រាប់របស់ Messi នៅនាទីបន្តបន្ទាប់នៃការប្រកួតបញ្ចប់លទ្ធផល ៤-០។

ការទទួលបានពានរង្វាន់ Copa De Rey 2020-2021 បានធ្វើឲ្យ Barcelona ក្លាយជាពានលើកទី១ សម្រាប់ការដឹកនាំដោយលោក Ronald Koeman គិតចាប់តាំងពីឆ្នាំ២០១៩ ហើយក៏ជាឈ្នះលើកទី៣១ នៃប្រវត្តិសាស្រ្តក្លិបដែលមានទីតាំងនៅតំបន់កាតាឡាំងនេះដែរ។

បុរសសញ្ជាតិហូឡង់ Koeman បានថ្លែងក្រោយចប់ការប្រកួតថា «ការឈ្នះពានរង្វាន់នេះ គឺសំខាន់ណាស់សម្រាប់ខ្ញុំ» ស្របពេលបច្ចុប្បន្នក្លិប Barcelona កំពុងឈរលេខរៀងទី៣ ប្រជែងជាមួយក្រុម Real Madrid និង Atletico Madrid នៃពានលីគកំពូង LaLiga របស់អេស្ប៉ាញថែមទៀត។

នេះក៏ជាការសោកស្តាយខ្លាំងបន្ថែមជាថ្មីទៀតក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះរបស់ Athletic Bilbao ក្នុងការព្យាយាមលើកពាន Copa De Rey ក្រោយពេលដែលបានរបូតពាននេះទៅកាន់ក្រុម Real Sociedad សម្រាប់ឆ្នាំ២០១៩-២០២០ ដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ២ឆ្នាំជាប់គ្នាមកនេះ៕