(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham Hotspur របស់អង់គ្លេសសុទ្ធតែបានយល់ព្រមចូលរួមប្រកួតប្រជែងពានដែលទើបបង្កើតថ្មី European Super League (ESL) ដែលជាជើងឯកប្រចាំទ្វីបអឺរ៉ុប។

ក្រៅពីអង់គ្លេសមាន ៦ក្រុមហើយនោះក្នុងចំណោម ១២ក្រុមដែលបានប្រកាសពីការចូលរួមហើយនោះ ក៏មានក្លិបមកពីអេស្ប៉ាញ Atletico Madrid, FC Barcelona និង Real Madrid ហើយមកពីអ៉ីតាលីរួមមាន AC Milan, Inter Milan និងសេះបង្កង់ Juventus ទៀតផង។

បន្ថែមលើនេះ ក្នុងគម្រោងរបស់ ESL ក៏មានពានសម្រាប់ក្រុមស្រ្តីផងដែរ ដែលនឹងត្រូវរៀបចំឡើង ក្រោយពេលពានបុរសដើររលូនហើយនោះ ស្របពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson, Uefa និង Premier League បានធ្វើការថ្កោលទោសចំពោះព័ត៌មានដែលបែកធ្លាយនេះកាលពីថ្ងៃអាទិត្យពីដំណើរការពានរង្វាន់ថ្មីនេះ European Super League។

កន្លងមក សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ក៏បានប្រកាសមិនទទួលស្គាល់ ESL (European Super League) នេះផងដែរ ហើយបានព្រមាន កីឡាកររូបណាចូលរួមលេងពានខាងលើនេះ នឹងមិនមានឱកាសនៅក្នុងព្រឹត្តិការណ៍ World Cup ឡើយ៕