(ភ្នំពេញ)៖ អត្តពលិកកម្ពុជាចំនួន ៣២ប្រភេទកីឡានឹងត្រូវបញ្ជូនទៅទីក្រុងហាណូយ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមត្រូវធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំ២០២១។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីម្ចាស់ផ្ទះវៀតណាមបានសម្រេចដាក់កីឡា ៤០ប្រភេទក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ កាលពីចុងសប្ដាហ៍កន្លងទៅ។

ទន្ទឹមជាមួយគ្នា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែល បានអំពាវនាវដល់សហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកទាំងអស់ត្រូវយកចិត្តទុកដាក់លើប្រភេទកីឡា និងវិញ្ញាសាពាក់ព័ន្ធ ដើម្បីរៀបចំកីឡាករ-កីឡាការិនី ក៏ដូចជារៀបចំយុទ្ធសាស្ដ្រ និងវិធីសាស្ដ្រហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម នាចុងឆ្នាំនេះ។

ចំពោះប្រភេទកីឡាទាំង ៤០ប្រភេទ ដែលវៀតណាមបានដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម គឺមានកីឡាអត្តពលកម្ម, កាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ, ទោចក្រយាន, បាញ់ធ្នូ, គុនដាវ, យូដូ, វ៉ូស៊ូ, បញ្ចសិលា, ចំបាប់, ការ៉ាតេ, វ៉ូវីណាម, គូរ៉ាស្ហ, ប្រដាល់, ឃីគប៊ុកស៊ីង, ទ្រីយ៉ាត្លុង, ជឺជិតស៊ូ, ហែលទឹក, Diving, Finswimming, លើកទម្ងន់, រ៉ូវីង, កានូ-កាយ៉ាក់, បាល់ទាត់, បាល់ទះ, បាល់បោះ, បាល់គប់, សីដក់, កាយវប្បកម្ម, ប៊ីយ៉ា, ប៉េតង់, អុក, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនគោល, ប៊ូលីង, អេឡិចត្រូនិច និងកីឡារាំ។

គួរដឹងថា កាលស៊ីហ្គេម ឆ្នាំ២០១៩ ម្ចាស់ផ្ទះហ្វីលីពីនបានដាក់កីឡា ៥៦ប្រភេទ ខណៈកម្ពុជាបានបញ្ជូនអត្តពលិក ៣៣ប្រភេទកីឡាទៅចូលរួមប្រកួត ដោយដណ្ដើមបានមេដាយសរុប ៤៦គ្រឿង រួមមានមេដាយមាស៤, ប្រាក់៦ និងសំរឹទ្ធ៣៦ ដើម្បីរក្សាចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោម ១១ប្រទេស ដែលបានចូលរួមប្រកួត។ ប៉ុន្ដែការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម នៅវៀតណាមនាចុងឆ្នាំនេះ សហព័ន្ធមួយចំនួនហាក់មានកង្វល់ ដ្បិតពុំទាន់មានការប្រមូលផ្ដុំនៅឡើយ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩៕