(ភ្នំពេញ)៖ ចាប់ផ្តើមថ្ងៃថ្មី ជាមួយសប្តាហ៍ថ្មី តារាពហុជំនាញ ពូកែសំដី អ្នកនាង ខាត់ សុឃីម បានបង្ហោះនូវសំណេរមួយចំនួន ក្នុងន័យដាស់តឿនបន្ថែម និងផ្តាំផ្ញើដល់បងប្អូនខ្មែរ និងអ្នកគាំទ្រ ជាមួយពាក្យថា «នៅផ្ទះ ឈ្នះកូវីដ» ខណៈសារយ៉ាងខ្លីនេះ ត្រូវបានគេមើលឃើញថា មានអត្ថន័យយ៉ាងខ្លាំង ក្នុងការចូលរួមអំពាវនាវបន្ថែម ឲ្យបងប្អូនខ្មែរចូលរួមចំណែកទប់ស្កាត់ការចម្លងកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា ដោយការនៅផ្ទះ ដើម្បីយកឈ្នះលើជំងឺដ៏កាចសាហាវកូវីដ-១៩។

ភ្ជាប់ជាមួយរូបភាពមួយសន្លឹក ទើបនឹងបញ្ចេញថ្មីៗនេះលើបណ្តាញសង្គម អ្នកនាង ខាត់ សុឃីម បានសរសេរសារយ៉ាងខ្លីថា «ស្រស់ស្រាយ នារដូវកាល Covid-19។ នៅផ្ទះឈ្នះកូវីដ»

តាមរយៈសារខាងលើ របស់តារាពូកែវោហាស័ព្ទ និងបច្ចុប្បន្នជាអ្នកជំនួញគ្រឿងសំអាង អ្នកនាង ខាត់ សុឃីម គឺទទួលបានការពេញចិត្តជាខ្លាំងពីមហាជនក្នុងបណ្តាញសង្គម ពោលគឺបានបង្ហាញពីជីវិតស្រស់ស្រាយ ក្នុងអំឡុងពេលស្ថិតនៅក្នុងផ្ទះ នៅពេលមានការ Lockdown ក្នុងរាជធានីភ្នំពេញនេះ។ ចំណែកឯពាក្យថា «នៅផ្ទះ ឈ្នះកូវីដ» ត្រូវបានមិត្តក្នុងបណ្តាញសង្គមចាត់ទុកថា ប្រៀបបានជាសារមួយបន្ថែមទៀត ឲ្យបងប្អូនខ្មែរបានដឹង ពីការអត្ថប្រយោជន៍នៃការស្នាក់នៅក្នុងផ្ទះ អំឡុងពេលមានជំងឺកូវីដ-១៩នេះ ដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ-១៩ ឲ្យបានឆាប់រហ័ស។

គួរជម្រាបថា តារាចាស់វស្សាក្នុងវិស័យសិល្បៈ អ្នកនាង ខាត់ សុឃីម ត្រូវបានគេចាត់ទុកថា ជាបុគ្គលដ៏មានឥទ្ធិពលមួយរូប ក្នុងបណ្តាញសង្គម ត្បិតនាងមានអ្នកគាំទ្រជាច្រើន មិនថាវ័យណានោះទេ គឺនិយមចូលចិត្តតារា ខាត់ សុឃីម តែម្តង ហើយការអំពាវនាវរបស់នាងនៅពេលនេះ ក៏នឹងក្លាយជាការចូលរួមផ្សព្វផ្សាយដ៏ល្អមួយ ដើម្បីឲ្យមហាជនក្នុងបណ្តាញសង្គមបានជ្រាបកាន់តែទូលំទូលាយការស្នាក់នៅផ្ទះ កុំចេញក្រៅផ្ទះ នៅពេលមានជំងឺដ៏កាចសាហាវកូវីដ-១៩ នេះវាយលុក៕