(ក្រុងរ៉ូម)៖ កីឡាករ Max Verstappen បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់នៃការប្រណាំងរថយន្ត Formula 1 ពីព្រឹត្តិការណ៍ Emilia Romagna Grand Prix 2021 ជាលើកដំបូងក្នុងអាជីព គ្រាដែលកីឡាករជើងខ្លាំង Lewis Hamilton បានត្រឹមឈរលេខ២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅប្រទេសអ៉ីតាលីនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

Verstappen ដែលបើកឲ្យក្រុមរថយន្តប្រណាំង Red Bull បានទទួលជ័យជម្នះលើពានកម្រិត Grand Prix 2021 ខណៈលេខ២ បានទៅលើក្រុមប្រណាំង Mercedes បើកដោយកីឡាករឆ្នើម Lewis Hamilton បន្ទាប់ពីមានបញ្ហារថយន្តរអិលធ្លាក់ផ្លូវក្នុងពេលប្រកួត ដោយមានក្រុមប្រណាំង McLaren បើកដោយកីឡាករ Lando Norris ឈរនៅចំណាត់ថ្នាក់លេខ៣។

គួរបញ្ជាក់ផងថា នេះជាការឈ្នះពានរង្វាន់កម្រិត Grand Prix របស់កីឡាករសញ្ជាតិហូឡង់ Max Verstappen នៃអាជីពកម្រិតកំពូលមួយក្នុងឆ្នាំ២០២១ នៅពេលដែលកាលពីប្រកួត Bahrain Grand Prix រូបគេបានត្រឹមឈរនៅលេខ២ គ្រាដែលការប្រកួតប្រណាំងរថយន្ត Formula 1 បន្ទាប់ទៀតនោះ នឹងធ្វើនៅប្រទេសព័រទុយហ្គាល់នៃព្រឹត្តិការណ៍ Portuguese Grand Prix ដែលនឹងចាប់ផ្តើមពីការប្រកួតសាកល្បង និងជម្រុះពីថ្ងៃទី៣០ ខែមេសារហូតដល់ប្រកួតផ្លូវការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១៕