(ភ្នំពេញ)៖ Wing បានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការ ជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ Wing ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។ អាជ្ញាប័ណ្ណនេះ អនុញ្ញាតឲ្យវីង ធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ «ធនាគារ វីង (ខេមបូឌា) ម.ក»

អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាល នៃធនាគារវីង បានថ្លែងថា «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការ ផ្តល់លទ្ធភាពហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។ ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយ អំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និងដៃគូរបស់យើងទាំងអស់ ប្រឹងប្រែងរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុ ដល់ប្រជាជន មិនស្ថិតក្នុងបណ្តាញធនាគារ»

ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីងអាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើន ដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលបា្រក់បញ្ញើពីសាធារណៈជនជាដើម។

សេវាកម្មទាំងនេះ នឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីង ដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ៩,៣០០កន្លែង និងកម្មវិធីស្មាតហ្វូនវីង។ វីង នឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនដូចធម្មតា ដោយគ្មានការប៉ះពាល់ដល់សេវាកម្ម ដែលមានស្រាប់ ដែលត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីងឡើយ។

លោក Manu Rajan អគ្គនាយកនៃធនាគារវីង បានថ្លែងថា «យើងប្តេជ្ញាធានាឲ្យបានថា ការវិវត្តខ្លួនក្លាយជាធនាគារពាណិជ្ជរបស់យើង មានឥទ្ធិពលជាវិជ្ជមាន ទៅលើសហគមន៍ ដៃគូអាជីវកម្ម និងអ្នកចូលរួមក្នុងទីផ្សារផ្សេងៗទៀតរបស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងសាធារណៈជន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា»

អាជ្ញាប័ណ្ណ ដែលទទួលបានពីធនាគារជាតិនៃកម្ពុជានេះ នឹងពង្រឹងចក្ខុវិស័យរបស់វីង ក្នុងការធ្វើឲ្យប្រសើរឡើង នូវការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនដែលមិនស្ថិត ក្នុងបណ្តាញធនាគារ។ ចាប់តាំងពីត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៩ វីងបានខិតខំផ្តល់អំណាចដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់លទ្ធភាព ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលអាចទុកចិត្តបានងាយស្រួល និងមានសុវត្ថិភាព៕