(ក្រុងម៉ូនិច)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA នឹងធ្វើការសម្រេចចិត្តចុងក្រោយទៅលើស្ថានភាពនៃទីក្រុង Munich របស់អាល្លឺម៉ង់, ទីក្រុង Bilbao របស់អេស្ប៉ាញ និងទីក្រុង Dublin របស់សាធារណរដ្ឋអៀរឡង់ ក្នុងការធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប ឆ្នាំ២០២០ (2020 European Championship) នៅថ្ងៃសុក្រខាងមុខ បន្ទាប់ពីកីឡដ្ឋានខាងលើមិនធានាថា អាចមានអ្នកទស្សនាចូលរួមបាននោះ។ នេះបើតាមការបញ្ជាក់ពី UEFA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ទីក្រុងម្ចាស់ផ្ទះចំនួន១២ ត្រូវបានស្នើសុំឲ្យដាក់ផែនការរបស់ពួកគេ សម្រាប់អនុញ្ញាតឲ្យមានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន នៅត្រឹមដើមខែមេសានេះ ហើយទីលានចំនួន៩ ផ្សេងទៀតបានសន្យាថា នឹងដាក់អ្នកទស្សនាចន្លោះពី២៥ភាគរយប៉ុណ្ណោះក្នុងចំណោមសមត្ថភាពផ្ទុកពេញកីឡដ្ឋានរបស់ពួកគេ។

យ៉ាងណាក៏ដោយ ទីក្រុង Dublin និង Bilbao មិនអាចអនុញ្ញាតឲ្យអ្នកគាំទ្រនានា ដើម្បីចូលរួមទស្សនាការប្រកួតនោះទេ ខណៈអភិបាលក្រុង Munich មិនអាចច្រានចោលនូវការហាមឃាត់អ្នកគាំទ្រ ពីការចូលរួមទស្សនាការប្រកួត ដោយសារអត្រាឆ្លង និងបទបញ្ជាការពារនៅរដ្ឋ Bavarian នេះ។

UEFA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គណៈកម្មាធិការប្រតិបត្តិបានបង្ហាញនូវជម្រើសជាច្រើនសម្រាប់ការប្រកួត ដែលគ្រោងនឹងធ្វើឡើង នៅកីឡដ្ឋានរបស់ទីក្រុង Bilbao, Dublin និង Munich ជាទីកន្លែងដែលបច្ចុប្បន្ននេះមិនមានការបញ្ជាក់ពីវត្តមានអ្នកគាំទ្រ ត្រូវបានអនុញ្ញាតឲ្យចូលរួមនោះទេ។ គណៈកម្មាធិការនឹងធ្វើការជាមួយរដ្ឋបាល UEFA ដើម្បីធ្វើការសម្រេចចុងក្រោយមួយ ដែលនឹងធ្វើឡើងតាម video conference នាថ្ងៃសុក្រ»

គួររំលឹកថា Euro 2020 ត្រូវបានពន្យារពេល ១ឆ្នាំដោយសារតែការរីករាលដាលនៃមេរោគ COVID-19 ហើយនឹងរៀបចំឡើងវិញចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំនេះ៕