(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool របស់លោក Jurgen Klopp បានបន្តអវត្តមានឡើងឈរក្នុងចំណាត់ថ្នាក់លេខ៤ (Top-4) នៅពេលដែលម្ចាស់ផ្ទះ Leeds United តាមស្មើ ១-១ នៅចុងម៉ោងនៃយុទ្ធនាការ Premier League នារាត្រីថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១។

៣ពិន្ទុនៃសប្តាហ៍ទី៣២ របស់លោក Jurgen Klopp សំខាន់ខ្លាំងណាស់ក្នុងការឡើងទៅឈរលេខ៤ របស់ West Ham United ពីការស៊ុតគ្រាប់នាំមុខ ១គ្រាប់មុនដោយកីឡាករខ្សែប្រយុទ្ធ Sadio Mane នៅនាទី៣១ ពីការបញ្ជូនរបស់ Trent Alexander-Arnold។

តែយ៉ាងក្តីរំពឹងទទួលបាន ៥៥ពិន្ទុត្រូវរលាយបាត់ទៅវិញត្រឹមនៅសល់ ៣នាទីមុនពេលបញ្ចប់ក្នុងម៉ោងធម្មតា ៩០នាទីនៅពេលដែលខ្សែការពារ Diego Liorente តែតបញ្ចូលទីឲ្យ Leeds United តាមស្មើ ១-១ តោងទម្លាក់ហង្សក្រហមមកឈរនៅលេខ៦ ដដែលវិញដោយមាន ៥៣ពិន្ទុ គ្រាដែល Leeds ឈរនៅលេខ១០ មាន ៤៦ពិន្ទុនៅពេលដែលពួកគេ (Leeds) បានចាញ់ក្រុមការពារជើងឯក Liverpool ៤-៣ កាលពីជើងទី១ នៅទឹកដី Anfield។

Liverpool បានចាញ់ពិន្ទុពីក្រុមកំពូលតារាង Manchester City រហូតដល់ទៅ ២១ពិន្ទុគិតត្រឹមសប្តាហ៍ទី៣២ ជើងទី២ នេះ ដោយនៅសល់ ៦ប្រកួតទៀតបិទរដូវកាល។ ហង្សក្រហមនឹងមិនឈ្នះពានណាមួយឡើយក្នុងរដូវកាលឆ្នាំ២០២០-២០២១ ដ្បិតពួកគេត្រូវប្រជែងយកចំណាត់ថ្នាក់លេខ៤ នៅ Premier League ដើម្បីមានកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយប៉ុណ្ណោះ៕