(អាមេរិក)៖ ក្រុមហ៊ុន Zoom Video Communications Inc បានប្រកាសឱ្យដឹងថា ខ្លួនបានបង្កើតមូលនិធិមួយ ដែលមានទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក ដើម្បីវិនិយោគលើក្រុមហ៊ុន Startup Software ថ្មីមួយ ដោយប្រើបច្ចេកវិទ្យា Zoom ផ្ទាល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

លោកស្រី Kelly Steckelberg ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Zoom បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា មូលនិធិនេះ នឹងប្រើប្រាស់ទៅលើការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មី ដែលក្នុងនោះភាគច្រើនគឺបង្កើតនូវបច្ចេកវិទ្យាសម្រាប់ភ្ជាប់ជាមួយនឹង កម្មវិធី Zoom App ដើម្បីឱ្យកម្មវិធីមួយនេះកាន់តែអស្ចារ្យជាងនេះទៅទៀត។

លោកស្រី Steckelberg បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន Zoom ត្រូវបានប្រើប្រាស់សម្រាប់វីដេអូខល ដែលពេញនិយមសម្រាប់ ការប្រជុំ និងរៀនតាមអនឡាញ ប៉ុន្តែឆាប់ៗខាងមុខនេះ Zoom នឹងបន្ថែមមុខងារថ្មីៗជាច្រើនទៀត ដូចជា digital white boards ជាដើម ដែលមុខងារថ្មីៗទាំងនេះគឺបានមកពីមូលនិធិខាងលើ។

ជាមួយគ្នានេះផងដែរ Zoom ក៏ប្រកាសស្វែងរកដៃគូសហការក្នុងការបង្កើតនូវបច្ចេកវិទ្យាថ្មីៗសម្រាប់បញ្ជូលទៅក្នុងកម្មវិធី Zoom ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Zoom ត្រូវបានផ្ទុះឡើងនូវអ្នកប្រើប្រាស់ដោយសារតែមានការរីករាលដាលឡើងនូវជំងឺកូវីដ-១៩ ដែល តម្រូវឱ្យក្រុមហ៊ុន អង្គការ និងស្ថាប័នជាច្រើននៅលើពិភពលោក ប្រើប្រាស់ Zoom ក្នុងការប្រជុំ ហើយសម្រាប់និស្សិត ឬសិស្សវិញ ប្រើ Zoom ដើម្បីរៀនតាមប្រព័ន្ធអនឡាញ៕