(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) កំពុងពិចារណាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជូនក្រុមកីឡាកររបស់ខ្លួនចូលរួមប្រកួត ២វិញ្ញាសាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ តែក្នុងនោះមិនមានវិញ្ញាសា FIFA Online ឬការប្រកួតបាល់ទាត់តាម Online ឡើយ។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វិញ្ញាសាដែលក្រុម E-Sports កម្ពុជាគ្រោងចូលរួម គឺវិញ្ញាសា PUBG និង Mobile Legends ដែលសហព័ន្ធគ្រោងរៀបចំការប្រកួតតាម Online នាពេលខាងមុខ ដើម្បីចម្រាញ់កីឡាករ និងប្រមូលផ្ដុំធ្វើការហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ។ សហព័ន្ធរំពឹងនឹងទទួលបានភ្លើងខៀវពី NOCC និងក្រសួងអប់រំ ដើម្បីបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ។

ដោយឡែកវិញ្ញាសា FIFA Online វិញ កម្ពុជាមិនមានគម្រោងបញ្ជូនកីឡាករចូលរួមប្រកួតនៅទីក្រុងហាណូយនោះទេ ព្រោះជាវិញ្ញាសាថ្មី ដែលសហព័ន្ធពុំធ្លាប់រៀបចំការប្រកួតពីមុនមក គ្រាដែលវិញ្ញាសាប្រកួតបាល់ទាត់ PES-2020 ឆ្នាំមុន គឺមានលក្ខណៈខុសគ្នា។ ហេតុនេះ សហព័ន្ធនឹងយកចិត្តទុកដាក់ ក៏ដូចជាពង្រឹងលើក្រុមលេងវិញ្ញាសា PUBG និង Mobile Legends ដើម្បីមានលទ្ធភាពចូលរួមប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ។

គួរបញ្ជាក់ថា កីឡាអេឡិចត្រូនិក គឺជាកីឡាមួយក្នុងចំណោម ៤០ប្រភេទ ដែលម្ចាស់ផ្ទះវៀតណាមបានដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ខណៈការប្រកួតគ្រោងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់វិញ្ញាសាប្រកួតកីឡា E-Sports គឺមាន ៨វិញ្ញាសា រួមមានវិញ្ញាសា Arena Of Valor, PUBG Mobile-Team, PUBG Mobile-Individual, Free Fire, League of Legends, FIFA Online, Cross Fire និងវិញ្ញាសា Mobile Legends៕