(ភ្នំពេញ)៖ ផ្សារទំនើបអនឡាញ Smile Shop App ជាកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក B2C ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ផ្ដល់ដល់ប្រជាជននូវភាព កាន់តែងាយស្រួល ក្នុងការទិញផលិតផលគ្រឿងទេស បន្លែ និងសាច់ស្រស់ៗ ក្នុងតម្លៃកាន់តែទាប តាមរយៈការប្រើប្រាស់ការទូទាត់ងាយស្រួល ដោយមិនប្រើក្រដាសលុយ។ សម្រាប់អតិថិជនថ្មី នឹងទទួលបាន១០ដុល្លារ សម្រាប់ការទិញលើកដំបូង ក្នុងអំឡុងពេលការបិទខ្ទប់នេះ។

Smile Shop គឺជាកម្មវិធីទូរស័ព្ទដៃដ៏ងាយស្រួលមួយ ត្រូវបានបង្កើតឡើងរួមគ្នាដោយអ្នកជំនួញក្នុងស្រុក លោក ធៀប សុវណ្ណារិទ្ធិ លោក ម៉ក់ ចំរើន និងលោក Jack Lee ពាណិជ្ជករជនជាតិចិន តាំងពីឆ្នាំ២០១៨។ Smile Shop គឺជាកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក B2C ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្ដល់ដល់អតិថិជន នូវតម្លៃទាបបំផុត ជាមួយការជ្រើសរើសដែលអាចរកបានល្អបំផុត និងភាពងាយស្រួលបំផុត «Smile Shop» គាំទ្រដល់អ្នកលក់រាយនៅកម្ពុជា ក្នុងការបើកហាងលក់អនឡាញផ្លូវការរបស់ពួកគេ។

កម្មវិធី Smile Shop មានក្ដីសុបិន្តដ៏ធំមួយ ក្នុងការក្លាយជាកម្មវិធីល្អបំផុតលេខ១ នៅក្នុងប្រទេសកម្ពុជា ដែលនឹងរួមបញ្ចូលពាណិជ្ជកម្មអេឡិចត្រូនិក បច្ចេកវិទ្យាហិរញ្ញវត្ថុ និងលើសពីនេះទៅទៀត។

លោក ម៉ក់ ចំរើន ដែលជាសហស្ថាបនិក បានថ្លែងថា «ជំងឺកូវីដ១៩ បានប្រែក្លាយពិភពលោកទៅជាពិភពថ្មីមួយ។ ការហោះទៅកាន់ឌីជីថល គឺជាប្រធានបទដ៏សំខាន់ សម្រាប់តំបន់អាស៊ីអាគ្នេយ៍។ នៅពេលនេះ នៅក្នុងប្រទេសកម្ពុជា ដែលពេលនេះ គឺជាពេលវេលាដ៏សំខាន់បំផុត ដែលកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក ផ្ដល់ការជួយគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សេដ្ឋកិច្ចឌីជីថល នឹងក្លាយជាតួរអង្គដ៏សំខាន់មួយ សម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីការរីករាលដាលជំងឺកូវីដ១៩»

លោកបានបន្ថែមទៀតថា៖ «កម្មវិធីពាណិជ្ជកម្ម Smile Shop ប្ដេជ្ញាថា នឹងបង្កើតទីផ្សារអេកូស៊ីស្ដែមកសិកម្មដ៏ធំមួយ ដើម្បីជំរុញផលិតផលកម្ពុជា ពីកសិដ្ឋានទៅដល់ទីផ្សារ ទូទាំងប្រទេស និងទៅកាន់ទីផ្សារពិភពលោក។ ហើយយើងនឹងគាំទ្រក្នុងការជំរុញផលិតផលកម្ពុជា នៅក្នុងកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំ របស់ប្រទេសចិន តាមរយៈហាងលក់ទំនិញនានារបស់ប្រទេសកម្ពុជាយើង»

Smile Shop ទើបដាក់ដំណើរការគម្រោង «ទិញផលិតផលក្នុងស្រុក» ដើម្បីគាំទ្រកសិករមានដើមទុនតិចតួច និងមធ្យម លក់ផលិតផលរបស់ពួកគេ ពីទីកន្លែងរបស់ខ្លួនតាមអនឡាញ សូម្បីតែពួកគេមិនមានយល់ដឹងពីពាណិជ្ជកម្មអេឡិចត្រូនិកក៏ដោយ។ ក្រុមSmile Shop គាំទ្របច្ចេកវិទ្យា ការរកទីផ្សារ ដំណោះស្រាយការទូទាត់ សេវាបម្រើអតិថិជន និងការចែកចាយជូនអតិថិជន។

លោក សុវណ្ណារិទ្ធិ បានឲ្យដឹងថា Amazon គឺជាគំរូកម្មវិធីដ៏ល្អមួយ សម្រាប់ Smile Shop ដោយលោកពន្យល់ថា ទិសដៅនេះ នឹងនាំយកបទពិសោធន៍ទិញទំនិញ ងាយស្រួលប្រើប្រាស់ និងគ្មានស្ដ្រេសដល់អតិថិជនកម្ពុជា។ លោកបានឲ្យដឹងថា កម្មវិធីពាណិជ្ជកម្មនិងអតិថិជនរបស់លោក ផ្ដល់ការដឹកជញ្ជូនដោយមិនគិតតម្លៃ ក្នុងរយៈពេល២៤ម៉ោង នៅទីក្រុងភ្នំពេញ។ នៅតាមបណ្ដាខេត្ត អតិថិជនត្រូវបានធានាថា នឹងទទួលបានការបញ្ជាទិញរបស់ពួកគេ ក្នុងរយៈ៧២ម៉ោង។

លោកបន្តថា អ្វីដែលបានកំណត់ជាពិសេសនៅក្នុងកម្មវិធីនេះ គឺការសង្កត់ធ្ងន់របស់ខ្លួនលើគុណភាព និងប្រភពដើមផលិតផល ព្រមទាំងជម្រើសការទូទាត់ ដែលអាចរកបាន។ លោកបញ្ជាក់ថា៖ «កម្មវិធីភាគច្រើនផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា គឺការទូទាត់ជាសាច់ប្រាក់នៅពេលទទួលទំនិញ»។ ក្រៅពីនេះ លោកកត់សម្គាល់ថា Smile Shop ផ្ដល់ការគាំទ្រពេញទំហឹងដល់ពាណិជ្ជករលក់តាមកម្មវិធីនេះ។ Smile Shop ក៏កំពុងជួយផ្សព្វផ្សាយយីហោ «ផលិតនៅប្រទេសកម្ពុជា» នៅបរទេសផងដែរ។

លោក សុវណ្ណ រិទ្ធិ លើកឡើងថា «ទិសដៅផ្សេងទៀតរបស់Smile Shop នឹងជួយក្រុមហ៊ុនតូចៗក្នុងស្រុក លក់ផលិតផលរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។ ក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីផលិតផលរបស់ពួកគេនៅលើកម្មវិធីរបស់យើង រួមមានក្រុមហ៊ុន Sela Pepper និងក្រុមហ៊ុនផលិតអង្ករ Royal Mongkut ដែលនាំចេញច្រើនទៅប្រទេសចិន តាមរយៈSmile Shop»

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី២០ ខែមេសា Smile Shop ផ្តល់ជូន១០ដុល្លារ ដល់អ្នកប្រើប្រាស់ថ្មីគ្រប់គ្នា ក្នុងអំឡុងពេលទិញផលិតផល គ្រឿងទេស ដូចជាសាច់ស្រស់ ត្រី មាន់ បន្លែ ។ល។ ហើយខ្លួន ក៏បានសហការជាមួយធនាគារ AEON Specialize Bank ធនាគារ ABA Bank ធនាគារ Phillip Bank ដើម្បីផ្ដល់ការបញ្ចុះតម្លៃជាពិសេស ប្រសិនបើអតិថិជនបង់ប្រាក់តាមអនឡាញ៕