(ក្រុងឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នឹងធ្វើការបើកកិច្ចប្រជុំដ៏សំខាន់មួយជាមួយប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស FA (Football Association) រួមជាមួយ Premier League និងតំណាងអ្នកគាំទ្រក្នុងការពិភាក្សាចំពោះបញ្ហានៃការបង្កើតពានថ្មីមួយទៀតប្រចាំទ្វីបអឺរ៉ុប ដែលមានឈ្មោះថា European Super League ដែលមាន ៦ក្រុមធំៗលេងក្នុងលីគបច្ចុប្បន្នបានព្រមព្រៀងចូលរួមហើយនោះ។

ក្រុមទាំង ១២ដែលបានប្រកាសជំហរថានឹងចូលរួមហើយនោះ បានកំពុងតែប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងសម្រាប់ការចូលរួមពាន European Super League ដោយលីគថ្មីនេះ ក៏មានក្លិបអេស្ប៉ាញ Real Madrid ដែលស្ថិតក្រោមគ្រប់គ្រងរបស់លោក Florentino Perez ប្រធានស្ថានិកដោយមិនមានការគាំទ្រពីមហាជនឡើយ។

មានផលប៉ះពាល់ជាច្រើន ដែលអាចឈានទៅរកភាពអយុត្តិធម៌មួយសម្រាប់បាល់ទាត់ ខណៈលោក Perez បានលើកឡើងថា «ការបង្កើតពានរង្វាន់ថ្មីនេះ ជាការជួយវិស័យបាល់ទាត់ទៅវិញទេ»។ នេះយោងតាមការដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។

ក្លិបធំៗទាំង ៦ដែលលេងនៅលីគកំពូលអង់គ្លេស Premier League មានដូចជា Arsenal, Manchester United, Manchester City, Liverpool, Chelsea, Tottenham Hotspur បានប្រកាលចូលរួមរួចរាល់ហើយ ខណៈមានក្លិប ៦ផ្សេងទៀតដូចជា Atletico Madrid, Real Madrid និង Barcelona របស់អេស្ប៉ាញ និងក្លិប AC Milan, Juventus និង Inter Milan ក៏បានបង្ហាញការចូលរួមដូចៗគ្នាដែរ បើទោះបីជាមិនមានការគាំទ្រពីសំណាក់មហាជនជាច្រើន រួមទាំងស្ថាប័ន UEFA និង FIFA បានប្រកាសមិនទទួលស្គាល់ក៏ដោយ៕