(អាមេរិក)៖ បុរសវ័យ៥២ឆ្នាំម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់បានប៉ុនប៉ងចូលផ្ទះរបស់តារាចម្រៀងអាមេរិកល្បីឈ្មោះ Taylor Swift ដែលស្ថិតនៅតំបន់ Manhattan ទីក្រុង New York។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ប៉ូលីសទីក្រុង New York បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ Hanks Johnson វ័យ៥២ឆ្នាំ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពីទទួលបានទូរស័ព្ទថា រូបលោកបានចូលលំនៅឋានរបស់គេ ដោយគ្មានការអនុញ្ញាត។

ប៉ូលីសបាននិយាយថា «Johnson ត្រូវបានចោទប្រកាន់ពីបទ ទន្ទ្រានចូលលំនៅឋានអ្នកដទៃ ដោយគ្មានការអនុញ្ញាត ហើយត្រូវបានដោះលែងជាបណ្តោះអាសន្នវិញ កាលពីយប់ថ្ងៃអាទិត្យ»

ជាការកត់សម្គាល់ កំពូលតារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Taylor Swift ធ្លាប់ត្រូវបានបុរសជាច្រើនរូបប៉ុនប៉ងចូលលំនៅដ្ឋានរបស់នាង ជាច្រើនដងរួមមកហើយ ខណៈកាលពីឆ្នាំ២០១៨ មានសេចក្តីរាយការណ៍ថា បុរសម្នាក់ព្យាយាមចូលផ្ទះរបស់នាង ជាមួយនឹងដៃកាន់កាំបិតផងដែរ ប៉ុន្តែមិនបានសម្រេច។ ក្រោយមក ក៏មានបុរសផ្សេងទៀត ផ្ញើសំបុត្រគំរាមរំលោភ និងសម្លាប់នាងទៀតផង។ បន្ថែមពីនេះ ក៏មានបុរសម្នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេល៦ខែផងដែរ បន្ទាប់ពីលួចចូលក្នុងលំនៅដ្ឋានរបស់នាងនៅឯទីក្រុង New York។

ងាកពីរឿងរ៉ាវឯកជន សម្រាប់ការងារសិល្បៈវិញ តារាចម្រៀង Taylor Swift កាលពីខែមុន បានជាប់ឈ្មោះថា ជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះ៣អាល់ប៊ុមជាប់គ្នា សម្រាប់ពានរង្វាន់ប្រចាំឆ្នាំដ៏ធំ Grammys Award ផងដែរ៕