(ភ្នំពេញ)៖ ធានាគារអនឡាញយក្ស PayPal បានប្រកាសឲ្យដឹងថា ខ្លួនគ្រោងនឹងដាក់ឱ្យប្រើប្រាស់នូវសេវាកម្មទូទាត់ប្រាក់ជាលក្ខណៈក្នុងតំបន់ នៅក្នុងប្រទេសចិន នាពេលឆាប់ៗខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ក្រុមហ៊ុន PayPal បានក្លាយជាក្រុមហ៊ុនអាមេរិកដែលមានភាគហ៊ុនជាបរទេស ១០០ភាគរយ នៅក្នុងប្រទេសចិន កាលពីខែមករាកន្លងទៅនេះ ប៉ុន្តែអ្វីដែលជាបញ្ហាគឺ PayPal មិនអាចដំណើរសេវាកម្មទូទាត់ប្រាក់នៅក្នុងប្រទេសចិនជាលក្ខណៈពេញលេញឡើយ ដូច្នេះហើយទើបគ្រោងបង្កើតកាបូបលុយអនឡាញ ( Wallet) ថ្មីសម្រាប់ប្រើតែនៅក្នុងប្រទេសចិន។

លោក Hannah Qiu នាយកប្រតិបត្តិក្រុមហ៊ុន PayPal ប្រចាំប្រទេសចិន បានថ្លែងប្រាប់សារព័ត៌មាន CNBC ថា PayPal គ្រោងបង្កើត Wallet ថ្មីសម្រាប់ប្រើក្នុងប្រទេសចិន ដើម្បីប្រជែងជាមួយ Alipay និង WeChat Pay ដែលជា Platform ទូទាត់សាច់ប្រាក់តាមប្រព័ន្ធអនឡាញដ៏ល្បីឈ្មោះនៅក្នុងប្រទេសចិន។

បើតាមការបញ្ជាក់ Platform ថ្មីរបស់ PayPal គឺអាចទូទាត់ប្រាក់បានទាំងនៅក្នុងប្រទេសចិន និងជាប់ព្រំដែន ប៉ុន្តែនាយកប្រតិបត្តិខាងលើ មិនបានប្រាប់លម្អិតទៅលើគម្រោងមួយនេះឡើយ៕