(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរ និងភេសជ្ជៈ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានប្រកាសផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរទាំងអស់របស់ខ្លួន តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដូចជាតាមប៉ុស្ដិ៍ទូរទស្សន៍ល្បីៗ តាមវិទ្យុ និងតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថល រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីដើមខែមីនា ឆ្នាំ២០២១ បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលបានប្តូរការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដែលមាននៅតាមផ្ទាំងប៉ាណូទូទាំងប្រទេស និងលើប្រព័ន្ធឌីជីថល មកជាសារអប់រំវិធានការ ៣ការពារ ៣កុំ»

អ្នកស្រីបន្ថែមថា ក្នុងនាមក្រុមហ៊ុនឯកជន «យើងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដើម្បីប្រជាពលរដ្ឋគ្រប់គ្នាអាចត្រឡប់មករស់នៅតាមសភាពដើមវិញក្នុងពេលឆាប់ៗខាងមុខ»

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបរិច្ចាគថវិកា ៨លាន ៦សែនដុលា្លរអាមេរិក និងម៉ាស់៥លានម៉ាស់ទៀត ជូនរាជរដ្ឋាភិបាលសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ៕