(ភ្នំពេញ)៖ ការប្រកួតវគ្គជម្រុះបឋមនៃពានរង្វាន់អាស៊ី AFC Cup 2021 រវាងក្លិបវិសាខា ជាមួយក្លិប Lalenok United របស់ប្រទេសទីម័រខាងកើត ដែលគ្រោងប្រកួតនាថ្ងៃទី២៨ ខែមេសានេះ ត្រូវបានលើកពេលហើយ។ នេះបើតាមការកែសម្រួលកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីថ្មីៗ។

ប្រភពខាងលើបានបញ្ជាក់ថា ជំនួបក្នុងវគ្គ Preliminary stage-Round 2 រវាងក្រុមវិសាខា និងក្រុម Lalenok United ត្រូវបានសម្រេចប្ដូរទៅប្រកួតនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។ ប៉ុន្ដែចំពោះទីលាន ឬប្រទេសដែលត្រូវសម្រេចយកធ្វើជាទឹកដីកណ្ដាល ដើម្បីស្វាគមន៍ការប្រកួតរវាងក្រុមទាំងពីរនៅមិនទាន់កំណត់នោះទេ។

យ៉ាងណាមិញការពន្យារពេលនេះ អាចជាផលវិជ្ជមានសម្រាប់ក្រុមតំណាងកម្ពុជា គឺក្រុមវិសាខា ដែលជាក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដ្បិតបច្ចុប្បន្នការប្រកួតលីគកំពូលកម្ពុជា ត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយគោរពតាមវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា សូម្បីការហ្វឹកហាត់ជុំគ្នា ក៏ត្រូវផ្អាកផងដែរ។

ក្រុមវិសាខា ត្រូវឆ្លងកាត់ការប្រកួតវគ្គជម្រុះ ២ប្រកួតជាមុនសិន ដើម្បីប្រជែងកៅអីវគ្គចែកពូល។ បើសិនពួកគេឈ្នះក្រុម Lalenok United នោះវិសាខា នឹងបន្ដដំណើរទៅជួបក្រុមឥណ្ឌូនេស៊ី Persipura Jayapura ក្នុងវគ្គជម្រុះ Play-off stage ហើយបើឈ្នះទៀត ទើបក្រុមសេះជំទង់នេះ អាចឡើងទៅបង្គ្រប់ពូល H ជាមួយក្រុម Kedah (ម៉ាឡេស៊ី) Lion City Sailor (សិង្ហបុរី) និង Saigon (វៀតណាម)។

គួរដឹងថា ក្នុងការប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីឆ្នាំនេះ កម្ពុជាមាន ២ក្រុមចូលរួមប្រកួត រួមមានក្រុមនាគខៀវបឹងកេត ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ និងក្រុមវិសាខា។ ចំពោះក្រុមបឹងកេត ពួកគេបានស្ថិតក្នុងវគ្គចែកពូលស្រាប់ ដោយស្ថិតក្នុងពូល G ជាមួយក្រុម Hanoi (វៀតណាម), ក្លិប Bali (ឥណ្ឌូនេស៊ី) និងក្រុមឈ្នះវគ្គជម្រុះរវាងក្រុម Lao Toyota (ឡាវ) ឬក្រុម Kasuka (ព្រុយណេ) ឬក្រុម Hanthawady United (មីយ៉ាន់ម៉ា)៕