(ឡុងដ៍)៖ TikTok ដែលជាកម្មវិធីវីដេអូដ៏ពេញនិយម និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន ByteDance អាចប្រឈមនឹងការបង់ ប្រាក់សំណងដែលមានតម្លៃរាប់ពាន់លានផោននៅតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ ជុំវិញការចោទប្រកាន់ថាបានប្រមូល ទិន្នន័យ ឯកជនរបស់កុមារអឺរ៉ុបរាប់លាននាក់ដោយខុសច្បាប់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មានពាក្យបណ្ដឹងជាច្រើន ទាន់ទងនឹងក្រុមហ៊ុន TikTok បានប្រមូលយកទិន្នន័យឯកជនរបស់កុមារអឺរ៉ុប ហើយបើសិនជាក្រុមមន្ត្រីជំនាញ និងអាជ្ញាធររកឃើញ ដូចការចោទប្រកាន់មែននោះ TikTok នឹងត្រូវបង់ប្រាក់ពិន័យរាប់ពាន់លានផោន ដែលជាការពិន័យមួយក្នុងទឹកប្រាក់យ៉ាងខ្ពស់បំផុត។

នៅក្នុងពាក្យបណ្ដឹងបានចោទប្រកាន់ថា ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រមូលទិន្នន័យអ្នកប្រើប្រាស់ ដែល ជាកុមារចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយការប្រមូលនោះគឺធ្វើឡើងក្នុងរូបភាពខុសច្បាប់ និងរំលោភលើកម្មសិទ្ធិឯកជនភាព ហើយគេមិនបានដឹងថា ទិន្នន័យទាំងនោះ TikTok បានយកទៅប្រើក្នុងគោលដៅអ្វីនោះទេ។

ទិន្នន័យដែល TikTik បានប្រមូលគឺជាទិន្នន័យឯកជន ដែលរួមមាន លេខទូរស័ព្ទ អសយដ្ឋាន និងវីដេអូផ្សេងៗដែលពួកគេបានបង្ហោះ។

យោងតាមរបាយការណ៍ស្រាវជ្រាវបានបង្ហាញថា កម្មវិធី TikTok មានក្មេងៗប្រើប្រាស់រហូតដល់ ១០០លាននាក់នៅអឺរ៉ុប ដោយ ការ កើនឡើងនៃអ្នកប្រើប្រាស់ក្មេងៗនេះ ដោយសារតែបញ្ហាកូវីដ-១៩ ដែលតម្រូវឱ្យពួកគេនៅផ្ទះ ដូច្នេះហើយក៏មានការចាប់ផ្ដើមលេង TikTok ពីសំណាក់ក្មេងៗច្រើនតែម្ដង៕