(ភ្នំពេញ)៖ កីឡាករប្រដាល់សកលខ្មែរ-អាមេរិក Eric Pieroun Pen ម្ចាស់ខ្សែក្រវាត់ពិភពលោក WBA Asia បាននឹងកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ជាខ្លាំង ពិសេសគឺការព្យាយាមសម្រកទម្ងន់រហូតដល់ ១៧គីឡូក្រាម ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១។ នេះបើតាមបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។

អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា ទម្ងន់ដើមរបស់កីឡាករខ្មែរកើតនៅអាមេរិករូបនេះ គឺទម្ងន់ ១០៨គីឡូក្រាម តែដោយសារវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ Eric Pen ត្រូវចូលរួមលើប្រភេទទម្ងន់ ៩១គីឡូក្រាម ហេតុនេះគេត្រូវព្យាយាមហ្វឹកហាត់ខ្លាំង ដើម្បីសម្រកទម្ងន់ ក៏ដូចជាសម្រេចបំណងប្រាថ្នាប្រកួតតំណាងប្រទេសកម្ពុជាលើកដំបូង ដែលជាប្រទេសកំណើតរបស់ឪពុកម្ដាយខ្លួន។

លោក ប៊ុយ សុភ័ណ្ឌ និយាយថា «ចំពោះកីឡាករ Eric Pen សហព័ន្ធតែងតែតាមដានជាមួយគាត់ជាប្រចាំ ដោយគាត់កំពុងធ្វើការហ្វឹកហាត់នៅប្រទេសវៀតណាម ហើយបច្ចុប្បន្នគាត់កំពុងហ្វឹកហាត់ ដោយព្យាយាមសម្រកទម្ងន់ ដើម្បីឲ្យត្រូវនឹងប្រភេទទម្ងន់ស៊ីហ្គេម គឺគីឡូ ៩១គីឡូក្រាម តែបច្ចុប្បន្ននេះគាត់មានគីឡូលើស ៩១។ ដូច្នេះគាត់បានធ្វើការជាមួយពេទ្យអាហារូបត្ថម្ភ ដើម្បីធ្វើការសម្រកគីឡូ និងគ្រូបង្វឹក ក្នុងការពង្រឹងទៅលើកម្លាំងសាច់ដុំ ស្របទៅនឹងគីឡូរបស់គាត់»។

លោកបន្ដថា «ដោយហេតុនេះ គាត់បាននឹងកំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្លាជាមួយការត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នេះ ហើយគាត់បានបង្ហាញនូវឆន្ទៈខ្ពស់ ក្នុងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ស៊ីហ្គេមចុងឆ្នាំនេះ ស្របតាមបំណងប្រាថ្នារបស់គាត់ ដែលចង់ប្រកួតតំណាងកម្ពុជា ដែលជាប្រទេសកំណើតរបស់ឪពុកម្ដាយគាត់ ដែលមានប្រភពពីខេត្តកំពត។ គាត់ជឿជាក់ និងខំប្រឹង ដើម្បីសម្រេចក្ដីស្រមៃមួយនេះ»។

សូមរំឭកថា Eric Pen បានកើត និងធំដឹងក្ដីនៅអាមេរិក ដោយមានឪពុកម្ដាយជាជនជាតិខ្មែរ ហើយឆ្នាំ២០១៤ គេបានចាប់ផ្តើមហាត់ប្រដាល់នៅក្លិប Saigon Sports Club ជាលក្ខណៈកម្សាន្ត និងសុខភាព។ ប៉ុន្ដែក្រោយមើលឃើញពីទេពកោសល្យដ៏ល្អរបស់គេ គ្រូបង្វឹកប្រចាំក្លិប បានព្យាយាមបង្ហាត់គេរហូតក្លាយជាកីឡាករអាជីពក្នុងខែសីហា ឆ្នាំ២០១៨ ហើយបានឡើងប្រកួតឈ្នះជាបន្ដបន្ទាប់ រហូតផ្ដួលកីឡាករឥណ្ឌូនេស៊ីឲ្យសន្លប់ត្រឹមទឹកទី១ កាលពីឆ្នាំ២០១៩ ដើម្បីគ្រងខ្សែក្រវាត់ពិភពលោក WBA Asia ទៀតផង៕